ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា ថ្លែងអំណរគុណវីរកងទ័ពបានពលិកម្ម យ៉ាងអង់អាចការពារបូរណភាពទឹកដី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណជាអនេកចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។
សម្ដេចមានប្រសាសន៍ថា គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់បែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈប្រើប្រាស់ ចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នៅសុក្រទី៤ ខែកក្កដាឆ្នាំ២០២៥នេះ។
ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី អ្នកជួរក្រោយគំាទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ដូចអ្វីដែលប្រមុខដឹកនាំដែលជាស្ថានិកសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាញឹកញាប់រួចមកហើយ ពិសេសនៅពេលសម្តេចទំាងពីរ បានអញ្ជើញមកសួរសុខទុក្ខ វីរកងទ័ពកាលពីពេលថ្មីៗនេះ។ ប៉ុន្តែជាអកុសល ដែលយើងមានអ្នកជិតខាងដូចជាសៀម មានចិត្តមិនស្មោះចិញ្ចឹមចិត្តឈ្លានពាន រំលោភបំពានទឹកដីរបស់យើងជានិច្ច។
សម្ដេចបានថ្លែងថា ភាគីថៃតែងតែចិញ្ចឹមចិត្តដណ្តើមទឹកដីកម្ពុជាតាំងពីអតីតកាលរហូតមក។ ដោយសារបញ្ហានយោបាយនៅទីក្រុងបាងកក ភាគីថៃបានបង្កជម្លោះ រំលោភបំពានលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី និងធម្មនុញ្ញសហប្រជាជាតិ។ កម្ពុជាប្រាថ្នាធ្វើជាមិត្ត ប៉ុន្តែគេចិញ្ចឹមចិត្តម្ដងហើយម្ដងទៀត ដណ្ដើមទឹកដីរបស់យើង។ សមដូចប្រសាសន៍សម្តេចតេជាលើកឡើងថា «មានមិត្តជិតខាងល្អដូចមានមាស ពេលមានមិត្តជិតខាងអាក្រក់ដូចមានមីន»។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដែលតំណាងឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស និងក្រៅប្រទេសជាង ១៧ លាននាក់ ក៏ដូចជាខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភាពិតជាមានមោទនភាពយ៉ាងខ្លាំង ដោយមានឱកាសបានមកជួបដោយផ្ទាល់ជាមួយបងប្អូន នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតំបន់មុំបី ទិសប្រាសាទព្រះវិហារ ខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំកងវរៈសេនាតូចប្រចាំទិស ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដោយស្មារតី និងឆន្ទៈមោះមុត និងម៉ឹងម៉ាត់ក្នុងជំហរការពារយ៉ាងដាច់ខាតនូវបូរណភាពទឹកដី អធិតេយ្យ និងឯករាជ្យ របស់មាតុភូមិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមសុខរួមទុក្ខជាមួយពលរដ្ឋជានិច្ច។ សម្តេចថ្នាក់ដឹកនាំ តែងតែគិតគូរល្អិតល្អន់ គ្រប់ជ្រុងជ្រោយចំពោះ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់ពេលវេលា មិនចង់ឃើញពលរដ្ឋបាត់បង់អាយុជីវិត រងទុក្ខលំបាកនោះឡើយ ជាពិសេស សម្តេចទំាងពីរមានឆន្ទះមុតមាំមិនឱ្យចោរបរទេសណាមួយ ឃ្លានពានទឹកដីកម្ពុជាបានមួយមីលីម៉ែត្រឡើយ ។ កម្ពុជាពិតជាមានសំណាង ដែលមានវត្តមានសម្តេចតេជោហ៊ុន សែន ពោរពេញដោយបទពិសោធន៍ច្បាស់លាស់និងតែងតែទទួល បានជោគជ័យជារហូតមក ប្រឆំាង វាយបកចំពោះចោរឃ្លានពាន។ ដូចជាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ជាដើមនោះ ក្រុមចោរឈ្លានពានបានទទួលរងនូវបរាជ័យនិងក្តីអាម៉ាស់យ៉ាងធ្ងន់ធ្ងរបំផុត នៅលើឆាកអន្តរជាតិ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។ ជាមួយគ្នានេះ កម្ពុជា បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ)ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។
សម្ដេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមសម្តែងនូវសាមគ្គីភាពនិងការគាំទ្រដល់រាជរដ្ឋាភិបាលដែលកំពុងប្រឹងប្រែង ស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្របខណ្ឌច្បាប់អន្តរជាតិ។ កាលពីដើមខែមិថុនាកន្លងមកនេះ ក្នុងព្រឹត្តការណ៍ប្រវត្តិសាស្រ្តដែលរដ្ឋសភា និងព្រឹទ្ធសភាបានធ្វើសមាជរួមគ្នា ពិភាក្សាលើបញ្ហាចំបងសំខាន់ៗរបស់ជាតិនោះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយជាមួយថៃនេះដែរ។
កម្ពុជាមិនចង់បានអ្វី ក្រៅតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ជាពិសេស ការកសាងខ្សែបន្ទាត់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នៅចំពោះមុខការកើនឡើងនៃការគំរាមកំហែងពីខាងក្រៅ បែបនេះ កម្ពុជាក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បាន ទាញយកឱ្យឱកាសនេះដើម្បីឈរដោយខ្លួនឯង ដើម្បីរក្សាការពារបូរណភាពទឹកដឹ ឯករាជ្យ អធិបតេយ្យ សន្តិភាព ឯកភាពជាតិហើយធ្វើយ៉ាងណារួមគ្នាពង្រឹង ភាពធន់របស់ជាតិជាពិសេសតាមរយៈការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត បន្តកំណើនបានយ៉ាងរឹងមាំ រហូតសម្រេចបានគោលដៅឆ្នាំ២០៣០ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍ជាមិនខានឡើយ៕

-
ព័ត៌មាន1 week ago
ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា,ឯកឧត្ដម គីម រិទ្ធី បញ្ជាឱ្យយកទៅដុតកម្ទេចចោល
-
ព័ត៌មាន3 days ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន5 days ago
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
-
ព័ត៌មាន4 days ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន6 days ago
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
-
ព័ត៌មាន6 days ago
អភិបាលខេត្តប៉ៃលិន អន្តរាគមន៍ជួយពលករខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល
-
ព័ត៌មាន6 days ago
លោកជំទាវ ចាយ ច័ន្ទរ៉ានី ចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារដល់កងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ
-
ព័ត៌មាន9 hours ago
កម្ពុជា-អាមេរិកឯកភាពគ្នា លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធបដិការ