ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំក្រុមគ្រួសារ ធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំកូនចៅ ក្មួយៗ និងសាច់ញាតិជិតឆ្ងាយ រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។
ពិធីបុណ្យត្រូវបានរៀបចំឡើងតាមបែបបទប្រពៃណីព្រះពុទ្ធសាសនា នៅគេដ្ឋានរបស់សពក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាផ្កាភ្ញី ទៀនធូបបូជាដល់ព្រះរតនត្រ័យជាគោរពសក្ការៈ ព្រមទាំងការសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងការប្រោសព្រំព្រះពុទ្ធពរជ័យជូនដល់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ ក្មួយៗ និងសាច់ញាតិ ពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងមន្ត្រីសង្ឃនៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីពិធីសូត្រមន្តហើយនោះ ក៏មានការនិមន្តព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព សម្តែងព្រះធម៌ទេសនាផងដែរ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់បង បងថ្លៃ បិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មានដល់កូនចៅ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម និងជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
ការបាត់បង់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឱ្យបងប្អូន កូនក្មួយ ចៅ ចៅទួត ញាតិមិត្តសាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានសេចក្តីសោកស្ដាយអាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
សូមជម្រាបថា អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។
លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ រួមមាន ( ១- ឯកឧត្ដម ហ៊ុន សាន ២.ឯកឧត្ដម ហ៊ុន ណេង ៣.សម្ដេចតេជោ ហ៊ុន សែន ៤.លោកជំទាវ ហ៊ុន សេងនី ៥.លោកជំទាវ ហ៊ុន ស៊ីណាត ៦.លោកជំទាវ ហ៊ុន ប៊ុនធឿន )។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់, កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី៕


































-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ