ព័ត៌មាន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទៅបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី និងត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា តបតាមការអញ្ជើញរបស់ ឯកឧត្តម K. Shan Mugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ។
លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម K.Shanmugam ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ (MOU) ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ។
លោកបានបន្តថា នៅប្រទេសសិង្ហបុរី ឯកឧត្តមអភិសន្តិបណ្ឌិត ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី ឯកឧត្តម ឡរ៉េន វ៉ុង ព្រមទាំងបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ចស្វែងយល់ តាមបណ្ដាទីតាំងសំខាន់ៗ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ។
សូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨មកម្លេះ ។ ឈរលើស្មារតីសហប្រតិបត្តិការនេះ ក្រសួងទាំងពីរបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។
លោក រ៉េន រតនៈ សង្កត់ធ្ងន់ថា អនុស្សារណៈត្រៀមចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសកំពុងតែប្រឈម នៅពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយម ទាំងកម្រិតទ្វេភាគី និងពហុភាគី ។
គួរបញ្ជាក់ថា សម្រាប់គណៈប្រតិភូអមចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ