ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាថា សម្ដេចតេជោជាមេដឹកនាំដ៏កម្រនៅលើពិភពលោក និងជាមេដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចឯកឧត្តម ប៉ាប៊ីត្រា ម៉ាហ្គីរីតា (Pabitra Margherita) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា និងចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អនុរដ្ឋមន្រ្ដី ឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាផ្នែកមួយនាំឱ្យទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែមានភាពល្អប្រសើរ។ សម្ដេចតេជោ ក៏បានរំលេចថា ក្នុងពេលដែលអញ្ជើញទស្សនកិច្ចនៅកម្ពុជានឹងបានឃើញនូវសមិទ្ធផលនានាដែលឥណ្ឌាបានជួយមកកាន់កម្ពុជាកន្លងមក ជាពិសេសគឺការជួយជួសជុលប្រាង្គប្រាសាទរបស់កម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមបានបង្ហាញក្ដីមោទនភាពដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជាដែលជាទឹកដីអច្ឆរិយ ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។
ឯកឧត្តមបានចាត់ទុកសម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាឱ្យកាន់តែរីកចម្រើនមកដល់ពេលបច្ចុប្បន្ន, ឯកឧត្តមសង្ឃឹមថា ការរីកចម្រើននេះនឹងបន្តទៅមុខទៀតជាពិសេសចំពោះការដើរតួនាទីដ៏សំខាន់របស់សម្ដេចតេជោក្នុងការជួយសម្របសម្រួលឱ្យឥណ្ឌក្នុងការចូលរួមជាដៃគូសន្ទនាជាមួយអាស៊ានកាលពីឆ្នាំ២០០២ ពោលគឺកាលពីកម្ពុជានៅជាប្រធានអាស៊ាន ដោយសម្ដេចតេជោ បានសម្របសម្រួលជួយឱ្យឥណ្ឌាបានក្លាយជាដៃគូសន្ទនារបស់អាស៊ានចាប់តាំងពីពេលនោះមក។ ក្នុងឱកាសនោះ សម្ដេចតេជោ បានរម្លឹកសាវតាមួយចំនួនដោយបានរំលេចអំពីការនាំឱ្យឥណ្ឌាក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន ជាពិសេសការណ៍ដែលសម្ដេចបានជជែកជាមួយមេដឹកនាំអាស៊ានទាំងឡាយដើម្បីឱ្យឥណ្ឌាអាចចូលជាដៃគូសន្ទនាចាប់តាំងពីឆ្នាំ២០០២មក។
នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា សម្ដេចតេជោក៏បានអរគុណចំពោះឥណ្ឌដែលបានជួយជួសជុលប្រាង្គប្រាសាទកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៨មកម្លេះ ទោះបីនាអំឡុងពេលនោះកម្ពុជាឋិតនៅក្រោមការហ៊ុព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយជាដើម ក៏ប៉ុន្ដែឥណ្ឌានៅតែជួយគាំទ្រដល់ការជួសជុលប្រាសាទរបស់កម្ពុជាចាប់តាំងពីពេលនោះមក ជាពិសេសថែមទៀតនោះ ក្នុងអំឡុងពេលនោះ ដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាខ្វះខាតស្បៀងឥណ្ឌាបានជួយស្បៀងដល់កម្ពុជាយ៉ាងច្រើនដែលនេះបង្ហាញពីទំនាក់ទំនងល្អ និងសកម្មភាពមនុស្សធម៌របស់ឥណ្ឌាចំពោះកម្ពុជា។
សម្ដេចតេជោបន្តលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលបច្ចុប្បន្ន ក៏ប៉ុន្ដែសម្ដេចតេជោបន្តជំរុញឱ្យភាគទីទាំងពីរបន្តពង្រឹង ពង្រីកទំនាក់ទំនងបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដែលកំពុងមានសក្ដានុពលឱ្យស្របទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរដែលមានជាមួយគ្នា។
សម្ដេចតេជោបានបញ្ជាក់ថា នៅពេលដែលប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកាន់តែរីកចម្រើន នោះការរុញច្រើនទំនាក់ទំនងលើផ្នែកនយោបាយក៏កាន់តែរីកចម្រើនផងដែរ។ ក្នុងឱកាសនោះ សម្ដេចតេជោបានបញ្ជាក់ទៅកាន់ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន ដោយសម្ដេចបានបញ្ជាក់អំពីសាវតានៃជម្លោះគឺកើតឡើងដោយសារយោធាថៃលបបាញ់ប្រហារសម្លាប់យោធិនកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការគូផែនទីជាឯកតោភាគីរបស់ភាគីថៃ ការបិទព្រំដែនជាឯកតោភាគី និងថៃបន្តបង្វែបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកកាន់ព្រំដែនកម្ពុជាដែលនេះជាទម្លាប់របស់ថៃ និងជាបញ្ហាដែលកម្ពុជាមិនអាចទទួលយកបានឡើយ។
សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ក៏ប៉ុន្ដែអ្វីដែលសម្ដេចធ្វើ គឺដើម្បីការពារនូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថចំពោះទឹកដី និងប្រជាជនកម្ពុជាឡើយ ដូច្នេះសកម្មភាពដែលថៃបង្វែបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកកាន់កម្ពុជា សម្ដេចគ្រាន់តែបោះដុំភ្លើងដែលថៃបោះមកកម្ពុជាត្រលប់ទៅវិញប៉ុណ្ណោះ ដើម្បីកុំឱ្យជះឥទ្ធិពលអវិជ្ជមានមកកាន់កម្ពុជា។
សម្ដេចតេជោបានបញ្ជាក់ទៅកាន់ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌាថា កម្ពុជា មិនចង់ឃើញនូវបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការការចរចាដោយសន្ដិវិធី ជាពិសេសការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ ពោលគឺយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា បានអរគុណសម្ដេចតេជោ ដែលបានលើកឡើងអំពីបច្ចុប្បន្នភាពស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមាន ហើយឯកឧត្តមចាត់ទុកការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងមក និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ធ្វើឱ្យកម្ពុជាមានស្ថិរភាព។ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា បានសរសើរទៅសម្ដេចតេជោដោយត្រង់ៗថា សម្ដេចតេជោ គឺជាមេដឹកនាំដ៏កម្រនៅលើពិភពលោក និងជាមេដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ។

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥