ព័ត៌មាន
សាធារណរដ្ឋឆែកកោតសរសើរ និងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា
ភ្នំពេញ៖ ជាប្រទេសមួយស្ថិតនៅក្នុងសហភាពអឺរ៉ុប សាធារណរដ្ឋឆែក បានប្រកាសបន្តគំាទ្រការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថា ឆែកបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ នៅក្នុងនោះឆែកនឹងពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសឆែក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែរឹងមាំរីកចម្រើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមមានជំនឿមុតមាំថា កម្ពុជានឹងសម្រេចបាននូវគោលដៅឆ្នាំ២០៣០និងឆ្នាំ២០៥០ ខាងមុខជាមិនខានឡើយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯកអគ្គរដ្ឋទូតឆែកមុនៗ បានសម្រេចនៅក្នុងបេសកកម្មការទូតរបស់ខ្លួន ថាពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ចំណងទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែកបានផ្តល់ជំនួយគាំទ្រដល់កម្ពុជាចាប់តាំងពីពេលដែលកម្ពុជាទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មកម៉្លេះ។ ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃ និងមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានជួយដល់កម្ពុជាក្នុងពេលវេលាដ៏លំបាកបំផុត។ សាធារណរដ្ឋឆែកជាមិត្តល្អព្រោះ “មិត្តល្អ តែងជួយគ្នាក្នុងគ្រាក្រ ។
សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែក ដែលបានបង្វែរបំណុលពីអតីតកាលរបស់កម្ពុជា មកជាជំនួយសង្គម ជួយដល់ពលរដ្ឋខ្មែរលើវិស័យសង្គមកិច្ច សុខភាព អប់រំ ជាដើម។ កម្ពុជាចង់ឃើញប្រទេសផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែក ក្នុងការលុបចោល ឬបង្វែរបំណុលដែលកម្ពុជាជំពាក់ មកជាជំនួយអភិវឌ្ឍន៍ ដែលនេះចាត់ទុកជាមូលដ្ឋាន ដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ។ ការគំាទ្ររបស់ប្រទេសឆែក បានឆ្លើយតបនូវ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតអាទិភាពលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា និងសម្តេចប្រធានរដ្ឋសភា បានយល់ស្របដូចគ្នាពីសារៈសំខាន់នៅក្នុងការលើកកម្ពស់ វប្បធម៌សន្ទនា គោលការណ៍ពហុនិយម នៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញដែលមានលក្ខណៈផុយស្រួយប្រែប្រួលឆាប់រហ័ស និងបានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព។ សន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ បានមកដោយលំបាកណាស់។ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុសក៍សន្តិភាព ដែលសម្តេចយកអាយុជីវិតជាដើមទុន។ ជាមួយគ្នានេះ ឯកឧត្តមពិតជាបានដឹងខ្លះៗហើយ អំពីទំនាស់បញ្ហាព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ។ តាមពិតទៅបញ្ហានេះ បានកើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ កម្ពុជាតែងតែចង់រួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបានតាំងចិត្តខ្ពស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នៅពេលប្រទេសថៃផ្តើមឈ្លានពាននៅលើកម្ពុជាជាថ្មី កម្ពុជាសម្រេចចិត្តនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មីក៏ប៉ុន្តែភាគីថៃមិនទទួលយក និងពង្រីកបញ្ហា ដល់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច បង្ករផលប៉ះពាល់ដល់ជីវភាព សុខសុវត្ថិភាព ពលរដ្ឋទំាងសងខាងទៅវិញ។
ជាចុងងក្រោយសម្តេចរដ្ឋសភាធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតឆែក មានសុទិដ្ឋិនិយមថា កម្ពុជា និងឆែកនឹងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយគ្នា ជាពិសេសការបង្កើនតុល្យភាពពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យមានការរីកចម្រើនកាន់តែខ្លំាងឡើង៕

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥