ព័ត៌មាន
អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធខួបលើកទី១៧ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥)
ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលអង្គការយូណេស្កូបានសម្រេចបញ្ចូល ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ១៧ឆ្នាំនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅតំបន់បារាយណ៍ខាងលិចជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ តំណាងអង្គការដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់គ្រប់ភាគីចំពោះតម្លៃនៃបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកចូលរួមជាអធិបតីក្នុងពិធីដ៏មានអត្ថន័យនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា ពិធីនេះគឺជាទិវាដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរខួប ១៧ឆ្នាំនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ឯកឧត្តមបានបន្តថា ខេត្តព្រះវិហារមានមោទកភាពយ៉ាងខ្លាំងដែលមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ២ គឺប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះវិហារបាន និងកំពុងបន្តអភិវឌ្ឍន៍ និងអភិរក្សតំបន់រមណីយដ្ឋានប្រាសាទនានា ទៅជាគោលដៅទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍ដ៏មានសក្តានុពល។ ស្របគ្នានេះ ខេត្តក៏កំពុងបន្តលើកកម្ពស់ការវិនិយោគលើវិស័យទេសចរណ៍ តាមរយៈការពង្រឹងសេវាកម្ម និងបដិសណ្ឋារកិច្ចលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្សាន្តនានា សំដៅលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពប្រជាជននៅមូលដ្ឋាន។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាពេលនេះពិតជាមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទាំងមូល ជាពិសេសចំពោះប្រជាពលរដ្ឋនៃខេត្តព្រះវិហារ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៧ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រជាជនខ្មែររាប់តំណតទៅ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍វប្បធម៌អបអរសាទរនេះ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរស និងព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលបានបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃដ៏មហាសាល បន្សល់ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ដើម្បីឧទ្ទិសចំពោះស្មារតីអង់អាចក្លាហាន ប្រកបដោយវីរភាព និងពលិកម្មសាច់ស្រស់ឈាមស្រស់របស់បុព្វបុរសខ្មែរ វីរយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ ក៏ជាការក្រើនរំលឹក និងបំផុសស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ និងមនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនបន្តវេន ដែលមានកាតព្វកិច្ចក្នុងការបន្តថែរក្សា ការពារ និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្ស ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីស្ដីទីក៏បានថ្លែងកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សប្រាសាទព្រះវិហារដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ ជោគជ័យនេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ហើយកិច្ចសហការដ៏រឹងមាំនេះបានបង្កើតបាននូវតុល្យភាពដ៏ប្រសើររវាង ប្រាសាទ បរិស្ថាន និងមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការគ្រប់គ្រងបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព៕















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា