ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» នៅស្រុកចំការលើ ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងព្រះរាជពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក សមាជិកា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមប្រជាពលរដ្ឋខេត្តកំពង់ចាម ជាច្រើនរូបទៀត។
«រុក្ខទិវា ៩កក្កដា» ជាមរតកកើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ប្រជារាស្រ្តទូទាំងប្រទេស ឱ្យដាំនិងថែរក្សាព្រៃឈើតកូន តចៅ ដើម្បីឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។ ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានសម្រេចបង្កើតឡើងវិញនូវពិធី «រុក្ខទិវា ៩កក្កដា» នៅឆ្នាំ១៩៩០ និងបានចាប់ផ្តើមប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើម ផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទីជាដើម។ល។ សម្រាប់ពិធី រុក្ខទិវា៩ កក្កដា លើកទី៣០នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥ ០០០ដើម នឹងត្រូវដាំក្នុងសួនរុក្ខទិវាទំហំ១០ហិកតានេះ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ កាលពីដើមឡើយ ពោលគឺចាប់ពីឆ្នាំ១៩៣៤មក ទីតាំងនេះគឺជាអតីត ស្ថានីយកសិកម្ម ចំការក្រូច ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា ស្ថានីយ៍ពិសោធន៍ដំណាំកប្បាសចំការលើ នៅឆ្នាំ១៩៨១ ក្រោយពេលដែលក្រសួង កសិកម្ម និងអ្នកជំនាញការអតីតសហភាពសូវៀតបានសហការដាំដើមកប្បាសនៅលើទីតាំងនេះ ដើម្បីបម្រើឱ្យឧស្សាហកម្ម ដំណាំកប្បាស និងបំពេញតម្រូវការរោងចក្រវាយនភណ្ឌ។ ជាអកុសល នៅខែសីហា ឆ្នាំ១៩៨៣ អ្នកជំនាញការសូវៀត ចំនួន ៩នាក់បានបាត់បង់ជីវិតក្រោមការពួនស្ទាក់បាញ់ប្រហាររបស់ពួក ប៉ុល ពត ដែលបានធ្វើឱ្យគម្រោងផលិតកម្មដំណាំ កប្បាសត្រូវបានផ្អាកទាំងស្រុង ហើយក្នុងឆ្នាំដដែលនោះ ក្រសួងកសិកម្មបានសម្រេចប្តូរឈ្មោះស្ថានីយ៍នេះ មកជា ស្ថានីយ៍ ពិសោធន៍ដំណាំចំការលើវិញ។ នៅឆ្នាំ១៩៩០ ស្ថានីយ៍នេះត្រូវបានផ្លាស់ប្ដូរឈ្មោះម្ដងទៀត មកជា កសិដ្ឋានផលិតពូជ ដំណាំតំបន់ដីខ្ពស់ចំការលើ និងត្រូវបានប្រើប្រាស់សម្រាប់ពិសោធវិធីសាស្ត្រដាំដុះពូជដំណាំផ្សេងៗ រហូតមក។
កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានដាក់តំបន់ព្រៃឈើទំហំជាង ៤០%នៃផ្ទៃប្រទេស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញការដាំស្តារព្រៃឈើឡើងវិញ។ ជាមួយគ្នានេះផងដែរ ក្នុងស្មារតីជំរុញវិបុលកម្មសត្វ សម្ដេចតេជោ ក៏បានសម្រេចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់សត្វ អាចចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ ដើម្បីឱ្យសត្វទាំងនេះអាចបន្តពូជ និងបង្កើនចំនួន និងអាចត្រូវបានព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ក្រោមការពិនិត្យ និងការផ្ដល់បច្ចេកទេសពីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសេនាធិការ ព្រះរាជាណាចក្រកម្ពុជានៅតែបន្តរក្សាបាននូវតុល្យភាព និងនិរន្តរភាពល្អប្រសើរក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស និងកូនចៅជំនាន់ក្រោយរបស់កម្ពុជា៕

-
កីឡា1 week ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន6 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន2 days ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន4 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព