ព័ត៌មាន
ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធបានពិនិត្យរៀបចំចុះបញ្ជីភ្នំសំពៅ និងភ្នំបាណន់ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិភណ្ឌធម្មជាតិ
មន្រ្តីជំនាញនៃក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យ និងពិនិត្យពិភាក្សាទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និងតំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២៥នេះថា តាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងផងដែរ។

លោក ហេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាប្រធានក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី៧- ៨ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយ អ្នកស្រាវជ្រាវមកពី អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានផ្សព្វផ្សាយលទ្ធផលស្តីពី «ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅ ភ្នំបាណន់ និងភ្នំសំពៅ» ដោយអង្គការ(FFI) និងនាយកដ្ឋានជីវៈចម្រុះកាលពីឆ្នាំ២០២៤, និងបានចុះពិនិត្យទីតាំងសក្តានុពលនៅភ្នំបាណន់ និងភ្នំសំពៅ និងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា តាមលទ្ធផលនៃកាសិក្សាស្រាវជ្រាវដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ(Camera trap) បានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។ សូមបញ្ជាក់ថាភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ, មានសិលាចារឹក K.1434, មានប្រាសាទបុរាណ, មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មាន អាយុកាល(២៥១-២៩៩ លានឆ្នាំមុន)។ ក្រៅអំពីសក្តាសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ, តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត, ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា, ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយ ភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ ៥លានក្បាល។

ជាមួយនឹងផលប្រយោជន៍ផ្នែកទេសចរណ៍ខាងលើ សត្វប្រចៀវបានផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន តាមរយៈប្រមូលអាចម៍ប្រចៀវពីក្នុងល្អាងនៃភ្នំទាំង២ ដែលក្នុងមួយឆ្នាំៗ ជាមធ្យមទទួលបាន ៣ម៉ឺនដុល្លារ ពីភ្នំបាណន់ និង២ម៉ឺនដុល្លារពីភ្នំសំពៅ។

កន្លងមកថ្មីៗនេះអ្នកជំនាញបានរកឃើញនៅភ្នំបាណន់ និងថ្មកំបោរខេត្តបាត់ដំបងជាប្រភេទ «ខ្យងឧទយាទិត្យ» ជាកំណត់ត្រាថ្មីរបស់ពិភពលោក និងត្រូវបានទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត។
អ្នកជំនាញបានឱ្យដឹងដែរថាការរកឃើញនេះ គឺជាខ្យងរស់ មិនមែនជាសំណាកខ្យងទេ ហើយវាមានចំនួនច្រើននៅតាមភ្នំថ្មកំបោរក្នុងខេត្តបាត់ដំបង ពិសេសនៅភ្នំបាណន់តែម្តង។ លើសពីនេះកាលពីថ្មីៗកន្លងមក ក្រសួងបរិស្ថានក៏រកឃើញប្រភេទតុកែនិងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា។ តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញ កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។
២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។
៣-ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់៕





-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន3 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង
-
ព័ត៌មាន3 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន1 day agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក