ព័ត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចែករំលែកអំពីបទពិសោធបរិវត្តកម្មឌីជីថលកម្ពុជាក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ និងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន
ហ្សឺណែវ៖ នាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចែករំលែកអំពីបទពិសោធរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ឌីជីថល និងអក្ខរកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ (Leaders TalkX) លើប្រធានបទ “ពន្លឿនការទទួលបានព័ត៌មាននិងពុទ្ធិជាសាកលក្នុងយុគសម័យឌីជីថល” ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល ៦រូប ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែកអំពីបទពិសោធកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍និងការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា ជាពិសេសលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល ដែលជាកត្តាអាទិភាពក្នុងការបង្កើនលទ្ធភាពទទួលបានព័ត៌មាន និងពុទ្ធិក្នុងយុគសម័យឌីជីថល។ លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយបរិយាបន្ន ជាអាទិ៍តាមរយៈគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រប់ទិសទីចូលរួមក្នុងបេសកកម្មបរិវត្តកម្មឌីជីថលរបស់សង្គមជាតិ។
ក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់តំណាងជាង៥០ប្រទេស ព្រមទាំងអគ្គលេខាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីចែករំលែកអំពីវឌ្ឍនភាពសំខាន់ៗ នៃបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ បន្ថែមលើការតភ្ជាប់ឌីជីថល និងមូលធនមនុស្សឌីជីថល កម្ពុជាក៏បានជំហានទៅមុខលើផ្នែកបច្ចេកវិទ្យា ស្ដែងឡើងតាមរយៈជោគជ័យនៃថ្នាល verify.gov.kh ដែលជាថ្នាលប្រើបច្ចេកវិទ្យាឌីជីថលឈានមុខ មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ និងមានការទទួលស្គាល់ទាំងកម្រិតតំបន់និងអន្តរជាតិ។ លើសពីនេះ កម្ពុជាក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។
គួររំលឹកផងដែរថា ប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មានឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) និងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥ (AI for Good Global Summit 2025) ប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស៕










-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ