ព័ត៌មាន
កាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ ចុះសួរសុខទុក្ខ និងចែកអំណោយជូនជនចាស់ជរា និងកុមារ ដែលរងគ្រោះដោយសារមេរោគអេដស៍ រស់នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង
ក្នុងឱកាសបំពេញការងារក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងមានវត្តមានចូលរួមពីលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយលោកតា ចំនួន ៤គ្រួសារ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកយាយលោកតាទាំង ៤នាក់ខាងលើនេះ បានទទួលរងគ្រោះឆ្លងមេរោគអេដស៍ដោយការចាក់ថ្នាំប្រើប្រាស់ម្ជុលស៊ឺរ៉ាំងរួមគ្នាដោយគ្រូពេទ្យខ្វះវិជ្ជាជីវៈ កាលពីឆ្នាំ២០១៤កន្លងទៅ។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ ក៏ប៉ុន្តែស្ថានភាពមេរោគអេដស៍នៅក្នុងខ្លួនរបស់ពួកគាត់ មិនបានប៉ះពាល់ដល់សុខភាពពួកគាត់ទេ ដោយសារថា ពួកគាត់បានលេបឱសថប្រឆាំងមេរោគអេដស៍បានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមកោតសរសើរចំពោះលោកយាយលោកតា ដែលសុទ្ធតែជាគម្រូសម្រាប់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ក្នុងការលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ និងសម្រេចបាន (ម=ម ឬ U=U) ដែលមានន័យថា (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) និងជាពិសេសគឺជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។ លោកជំទាវ ក៏បានជូនពរលោកយាយលោកតា សូមបន្តថែទាំសុខភាពឱ្យបានល្អ និងមានជន្មាយុយឺនយូរតទៅ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភស្បៀង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់គ្រួសារខាងលើផងដែរ។
បន្ទាប់មកគណៈប្រតិភូ បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមាររងគ្រោះដោយមេរោគអេដស៍ចំនួន ២២គ្រួសារ ដែលរស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងនាំយកអំណោយជាសម្ភារសិក្សា សម្ភារអនាម័យមួយចំនួនផ្តល់ជូនផងដែរ ដែលអំណោយទាំងអស់នេះ គឺជារបស់ លោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម៕







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ