ព័ត៌មាន
គិតត្រឹមបំណាច់ខែមិថុនាឆ្នាំនេះ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនខេត្តទិសឦសានសម្រេចបានប្រមាណ ៥៣,៣០% នៃផែនការរួម
ភ្នំពេញ៖ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ ការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៥៣,៣០% នៃផែនការរួមក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។
តាមសេចក្ដីប្រកាសបានឱ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយស សូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ គ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ ដូចមានលទ្ធផលសង្ខេបខាងក្រោម៖
១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។
២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់។
៣. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ២៣ កន្លែង ស្មើនឹង ២៣៦,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ១៧៨ កន្លែង និងស្ថាបនា សម្រេចជាស្ថាពរនូវថ្នល់បេតុងបង្កៀរទឹក សរុប ចំនួន ១០ កន្លែង ស្មើនឹង ២២១,៨០ ម៉ែត្រ។
៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ៧ខែកន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១៧៦,៥០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវ ទទឹង ២០ ម៉ែត្រ បានប្រវែង ១៥១,២០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១២៧,៨០ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវ បានប្រវែង ១២៤,៨០ គីឡូម៉ែត្រ និងក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរ ប្រវែង ៨៥,៩០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបាន ប្រមាណ ៥៣,៣០% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។
៥. ចំពោះមុខនេះ ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្ត ជំរុញល្បឿនកសាងផ្លូវក្នុងរដូវវស្សា ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និងភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ដោយពេលភ្លៀងធ្លាក់ខ្លាំងគឺ សម្រាក និងពេលរាំងភ្លៀងបន្តអនុវត្តភារកិច្ចកសាងសំណង់។
៦. ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និង បន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ ជាបន្តបន្ទាប់៕










-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង