ព័ត៌មាន
ពលករខ្មែរត្រឡប់មកពីថៃចំនួនជាងមួយម៉ឺននាក់ទទួលបានឱកាសការងារថ្មីធ្វើ
ភ្នំពេញ៖ តាមរយៈយន្តការចុះផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃ នៅក្នុងខេត្តចំនួន៧ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងសប្តាហ៍កន្លងទៅនេះ ពលករខ្មែរដែល ទទួលបានឱកាសការងារថ្មីធ្វើតាមបណ្តារោងចក្រ សហគ្រាស មានចំនួនជាង ១ម៉ឺន ៣ពាន់នាក់។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីធានាថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ បានបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន៧រួចមកហើយ រួមមាន៖ ព្រៃវែង កំពង់ចាម កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល និងបាត់ដំបង ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង។ ហើយនៅពេលនេះ ថ្នាក់ដឹកនាំក្រសួង ក៏បានកំពុងបន្តបន្ថែមទៀតលើការទទួលបានឱកាសការងារដែលផ្សព្វផ្សាយតាមច្រកព្រំដែន និងការប្រឹក្សាផ្សេងៗជាច្រើនថែមទៀតជូនដល់ពលរដ្ឋ និងពលករ។

ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ឱកាសការងារនៅកម្ពុជាបច្ចុប្បន្ន កំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែង ហើយក្នុងនោះវិស័យឧស្សាហកម្មក៏មានច្រើនជាងគេ និងមានប្រាក់សោធនដែលប្រទេសថៃពុំមានផ្តល់ជូន ដូច្នេះបងប្អូនដែលបានត្រឡប់មកដល់ស្រុកកំណើតដើមវិញ សូមជ្រើសរើសការងារតាមចំណង់ចំណូលចិត្ត ជ្រើសរើសកន្លែងណាដែលនៅជិតផ្ទះ និងកន្លែងដែលបងប្អូនប៉ងប្រាថ្នា។ ចំណែកអ្នកដែលមិនទាន់ត្រឡប់មកពីថៃ ឯកឧត្តម បានអំពាវនាវឱ្យវិលមកកាន់កម្ពុជាវិញ ពីព្រោះឱកាសការងារនៅកម្ពុជាគឺសំបូរ ហើយក៏ជាពេលដែលយើងមកចូលរួមក្នុងការកសាងសេដ្ឋកិច្ចជាតិវិញទាំងអស់គ្នា ខណៈប្រាក់ឈ្នួល រវាងប្រទេសកម្ពុជា និងថៃ ខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែបើបងប្អូនងាកមកធ្វើការងារនៅក្នុងស្រុកកំណើត ឬនៅជិតផ្ទះ បងប្អូននឹងសន្សំបានប្រាក់ច្រើនជាងក៏ថាបាន។

យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាមានការងារចម្រុះសម្រាប់ពលករចំនួនជាង ២៥ម៉ឺននាក់។ ក្នុងនោះ មានផ្នែកឧស្សាហកម្មប្រមាណ ២២ម៉ឺនជាងកន្លែង ផ្នែកកសិកម្មប្រមាណ ២ម៉ឺនជាងកន្លែង និងផ្នែកសេវាកម្មមានប្រមាណ ៥ពាន់ជាងកន្លែង។ ក្រសួងការងារ បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរ មិនទាន់ទទួលបានព័ត៌មានអំពីការស្វែងរកការងារ គឺអាចទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ បានដោយឥតគិតថ្លៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ