ព័ត៌មាន
កន្លះឆ្នាំនេះច្រកចេញចូលតែមួយខេត្តប៉ៃលិនបម្រើពលរដ្ឋបានជាង២ម៉ឺនសេវាទទួលបានចំណូលជាង១ពាន់លានរៀល
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន២៣.៤៧៥សេវា ទទួលបានចំណូលសរុបជាង១.១៣៤លានរៀល។ នេះបើតាមរបាយការណ៍ផ្ដល់មកក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ចំនួននេះ ប្រហាក់គ្នានឹងឆ្នាំ២០២៤ ដែលច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបចំនួន៤៣.៦២៩សេវា និងទទួលបានចំណូលជាង ២.០៧២លានរៀល។
សម្រាប់កន្លះឆ្នាំមកនេះ សេវាផ្ដល់បានច្រើនជាងគេ គឺវិស័យរដ្ឋបាល មានចំនួន ១២.៨៦០សេវា ទទួលបានចំណូលជាង២៦៧លានរៀល បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មានចំនួន ៥.១១០សេវា ទទួលបានចំណូលជាង៤៣២លានរៀល វិស័យសុខាភិបាលមាន៤.៨៧០សេវា ទទួលបានចំណូល ជាង៦៧លានរៀល និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន២៨៩សេវា ទទួលបានចំណូលជាង២៣៣លានរៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសោះនោះ គឺវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំធ្វើទំនើបកម្ម ដោយអភិវឌ្ឍន៍យន្តការច្រកចេញចូលតែមួយខេត្ត ឱ្យមានលក្ខណៈស្តង់ដា ស័ក្តិសមសម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋរបស់មន្ត្រី និងការអញ្ជើញមកស្នើសុំ និងសេវារបស់ប្រជាពលរដ្ឋ ទាំងអគារបំពេញការងារ សម្ភារៈបច្ចេកទេសផ្សារភ្ជាប់នឹងប្រព័ន្ធឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាមានភាពលឿនរហ័សស្របតាមការកំណត់ និងបើធ្វើបានកាន់តែលឿន គឺកាន់តែប្រសើរ។
លោកជំទាវ មានប្រសាសន៍ថា ឈរលើមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងនីតិកាលទី៧ នេះបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តប៉ៃលិន ដោយមានការដឹកនាំតម្រង់ទិសជាប្រចាំ ពីសម្ដេចក្រឡាហោម បន្តមកដល់បច្ចុប្បន្ន មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការលើកទឹកចិត្ត និងណែនាំតម្រង់ទិសដល់មន្ត្រីជាប់ជាប្រចាំ ឱ្យអនុវត្តការងារច្រកចេញចូលតែមួយ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ទាំងផ្នែកជួរមុខ និងផ្នែកជួរក្រោយ ដោយបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងប្រកបដោយតម្លាភាព។
ផ្អែកលើបទពិសោធន៍នៃការអនុវត្តការងារច្រកចេញចូលតែមួយជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានលើកសំណូមពរត្រង់ៗមកក្រសួងស្ថាប័នថ្នាក់ជាតិ ស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនៅមានភាពយឺតយ៉ាវ ក្នុងការឆ្លើយតបលើការងារ បច្ចេកទេស នៃការផ្តល់សេវា និងស្នើក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ពន្លឿនការធ្វើសន្ធានកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យចុះបញ្ជីឱ្យចូលគ្នា ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីសេវា១ ប្រើពេល២ដង។
ចំពោះ វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ នៅពុំទាន់បានទទួលការស្នើសុំសេវាណាមួយពីប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមិនទាន់មានបែបបទ នីតិវិធីច្បាស់លាស់នៅឡើយ ខណៈអង្គភាពច្រកចេញចូលតែមួយខេត្ត ក៏នៅមិនទាន់មានគណនី សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសេវា នៅតាមអនឡាញនៅឡើយដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ បានខិតខំរៀបចំឱ្យមានអង្គភាពច្រកចេញចូលតែមួយនៅគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួល និងបង្ខិតសេវាកាន់តែជិតប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឈរលើមូលដ្ឋាននៃមរតកយុទ្ធសាស្ត្របញ្ចកោណ ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណសាមញ្ញ ឆាប់រហ័សតម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន។ យន្តការច្រកចេញចូលតែមួយ ត្រូវបានទទួលស្គាល់ថា ជាសមិទ្ធផលនយោបាយដ៏ជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន និងដែលបាននិងកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ