ព័ត៌មាន
ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងកម្ពុជា-បារាំងពឹងផ្អែកលើទំនុកចិត្តគ្នា និងស្មោះស្ម័គ្រគ្នាទៅវិញទៅមក
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំងគឺពឹងផ្អែកលើទំនុកចិត្តគ្នា និងស្មោះស្ម័គ្រគ្នាទៅវិញទៅមក លើវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច យោធា អប់រំ និងវប្បធម៌ជាដើម។
ក្នុងឱកាសអញ្ជើញចូលរួមអបអរបុណ្យជាតិនៃសាធារណៈរដ្ឋបារាំង នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា «ខ្ញុំសូមបន្ថែមបន្តិចថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ(កម្ពុជា-បារាំង) ពឹងផ្អែកលើទំនុកចិត្តទៅវិញទៅមក ការគោរពគ្នាដ៏ស្មោះស្ម័គ្រ និងចក្ខុវិស័យរួមស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងពេលបច្ចុប្បន្ន»។
ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលេចផងដែរថា ក្នុងអំឡុងអាណត្តិរបស់ឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេបាទំនាក់ទំនងទាំងនេះបានស្គាល់នូវសម្ទុះថ្មីមួយ តួយ៉ាងដូចជាព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជានៅទីក្រុងប៉ារីស៍ ទស្សនកិច្ចរបស់សម្តេចតេជោ និងសម្តេចធិបតី ក៏ដូចជាកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នារបស់សម្តេចទាំងទ្វេជាមួយប្រធានាធិបតីសាធារណរដ្ឋបារាំង ប្រកបដោយភាពកក់ក្តៅ និងផ្លែផ្កា ទាំងនៅទីក្រុងប៉ារីស៍ និងនៅទីក្រុងនីស ក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រផងដែរ។
ប្រមុខការទូតកម្ពុជារូបនេះបានបញ្ជាក់ទៀតថា ទំនាក់ទំនងទាំងនេះហើយ(កម្ពុជា-បារាំង) ចាក់ឫសទៅក្នុងប្រវត្តិសាស្រ្ត និងត្រូវបានពង្រឹងដោយមិត្តភាពមួយប្រកបដោយចីរភាព។ ទំនាក់ទំនងទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកិច្ចសហប្រតិបត្តិការមួយដែលផ្តោតលើវិស័យជាច្រើន រួមមាននយោបាយ សេដ្ឋកិច្ច យោធា អប់រំ វប្បធម៌ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរក្នុងស្ថាប័នពហុភាគី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងគោលការណ៍ដែលជាមូលដ្ឋាននៃសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយសន្តិភាព សមធម៌ និងចីរភាព។
ថ្លែងនៅក្នុងកម្មវិធីខាងលើនេះដែរ ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជា ប្រវត្តិសាស្រ្ត និងចំណងទាក់ទងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ រវាងប្រទេសបារាំង និងកម្ពុជា។ លើទិដ្ឋភាពវប្បធម៌ លោក ហ្សាក់ ប៉ឺឡេ បានរម្លឹកអំពីជោគជ័យនៃការតាំងពិព័រណ៍បដិមាសំរិទ្ធកម្ពុជានៅសារមន្ទីរបារាំងហ្គីម៉េ នាទីក្រុងប៉ារីស៍ ដោយមានបដិមាព្រះវិស្ណុផ្ទំ ជាស្នាដៃឯកលេចធ្លោជាងគេក្នុងពិព័រណ៍នោះ។ ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ លោកបានគូសបញ្ជាក់ពីការរួមចំណែករបស់ក្រុមហ៊ុនបារាំង VINCI ក្នុងការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។ លោកក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិផងដែរ តាមរយៈការបណ្តុះបណ្តាលនាយទាហាន និងកងទ័ពមួកខៀវកម្ពុជា នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC)។
ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបារាំងបានលើកឡើងពីប្រធានបទសាកលធំៗ ដែលប្រទេសបារាំង និងកម្ពុជាបានឆ្លើយតបរួមគ្នា ជាពិសេសលើការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។ ក្នុងន័យនេះ លោកបានកោតសរសើរចំពោះការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង ដែលជាកាយវិការនៃការប្តេជ្ញាចិត្តរួមគ្នាមួយប្រកបដោយអត្ថន័យ។
លោកទូតបានសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់របស់ប្រទេសទាំងពីរចំពោះគោលការណ៍ពហុភាគីនិយម និងច្បាប់អន្តរជាតិ ដែលលោកចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងសាមគ្គីភាព ប្រសើរជាងមុន។ ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព គឺជាគំនិតស្របគ្នាមួយទៀតរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសមាជិកភាពនៃប្រទេសទាំងពីរក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ និងការដាក់បញ្ចូលសារមន្ទីរស២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូជាដើម៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥