Connect with us

ព័ត៌មាន

ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និងជម្រាបលា។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងនឹករលឹកចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាផងដែរ, សម្ដេចតេជោ មានប្រសាសន៍ថា ក្នុង​បេសកកម្ម​របស់​ឯកឧត្តម បានចូលរួមចំណែកក្នុងការពង្រីកនូវទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងកូរ៉េ​ខាង​ត្បូង​នាពេលកន្លងមក និងនាពេលបច្ចុប្បន្ន។ សម្ដេចតេជោ បានសរសើរ​ចំពោះកា​រ​ខិត​ខំ​ប្រឹង​ប្រែងរ​បស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅក្នុងការពូនជ្រុំជំទាន់ទំនងប្រទេសទាំងពីរ។

នៅ​ក្នុង​ឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្ដែងនូវក្ដីអរគុណ ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសម និងជម្រាប​លា​នៅ​ក្នុង​ឱកាស​នេះ។​ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងអាណត្តិ​ដែល​ឯកឧត្តម​បាន​បំពេញ​បេសក​កម្ម​ការងារ​នៅ​កម្ពុជា ជាឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូងប្រចាំនៅកម្ពុជាតាំងពីឆ្នាំ២០២៣មក បាន​ចូល​រួម​ចំណែកក្នុងការធ្វើកិច្ចការងារដើម្បីលើកស្ទួយទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាង​ត្បូង​ឱ្យ​មាន​ភាព​រីកចម្រើន ជាពិសេសក្នុងអាណត្តិផ្ទាល់របស់ឯកឧត្តម ក៏បានរៀបចំ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាទៅកាន់កូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤ កន្លង​ទៅដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម​បាន​លើកស្ទួយនៃការពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចូល​រួម​ចំណែក​របស់​កូរ៉េ​ខាង​ត្បូង ជួយដល់វិស័យនានានៅកម្ពុជា ជាពិសេសកិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​តាម​បណ្ដា​ក្រសួង​ ស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា កូរ៉េខាងត្បូងបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាម​រយៈការផ្ដល់កម្ចីសម្បទានមួយចំនួនទៀត លើការរួមចណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ​ថ្នល់ ជាដើម ហើយឯកឧត្តម សង្ឃឹមថា ស្ពានមិត្តភាពរវាងកូរ៉េខាងត្បូង និង​កម្ពុជា​នឹង​បើក​ការដ្ឋាន​នាពេ​លឆាប់ៗនៅឆ្នាំ ២០២៦ខាងមុខនេះ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិ​ត្ត​ចំពោះ​បេសកកម្ម​ការងារ​របស់​ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងនៅកម្ពុជា ដែលបានរួម​ចំណែក​ពង្រីក​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏បានលើកថា ទំនាក់ទំនង​ប្រទេស​កម្ពុជា និងកូរ៉េខាងត្បូង បានចាប់ផ្ដើមកិច្ចព្រមព្រៀងទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៦ ហើយ​ឆ្នាំ ១៩៩៧ គឺជាការចាប់​ផ្ដើម​នូវ​ទំនាក់​ទំនង​ផ្លូវ​ការ​ពេញ​លេញ​ឡើង​វិ​ញ​រវាង​ប្រទេស​ទាំង​ពីរ ហើយទំនាក់ទំនងនេះ គឺជាការបង្កើត​ឡើង​ដោយ​ផ្ទាល់​តែ​ម្ដង​ដោយ​សម្ដេច​តេជោដែ​ល​បាន​ខ្នះ​ខ្នែង​ក្នុង​ការពង្រីកនៃការបង្កើតឡើងវិញទំនាក់ទំនងប្រទេសទាំងពីរឡើង ដូច្នេះទំនាក់ទំ​នង​ប្រទេស​ទាំង​ពីរកើតឡើងវិញ និងវិវត្តជាវិជ្ជាមានរហូតមកដល់បច្ចុប្បន្ន។

សម្ដេចតេជោ បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ការវិនិយោគនានាដែលបានកើតឡើងជាមួយគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូង មាន​ការ​កើន​ឡើងគួរឱ្យគត់សម្គាល់។ សម្ដេចតេជោបានរម្លឹកថាក្នុងបរិបទកូវីដ-១៩ បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោកបានបិទជើងហោះហើរ ប៉ុន្ដែក្នុងពេលនោះ កូរ៉េខាងត្បូង​មិន​បាន​បិទ​ជើង​ហោះ​ហើរ​ជាមួយកម្ពុជាឡើយ ដែលនេះបាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទំនាក់​ទំនង​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្ដែងនូវការអរគុណ សម្ដេចតេជោ ដែលបាន​លើក​ឡើង​អំពី​ទំនាក់ទំនង និងការចូលរួម​ចំណែក​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេសក​ម្ពុជា ជាពិសេសការចូលរួមចំណែកក្នុងកាលៈទេសៈកូវីដ-១៩ ជួយដល់កម្ពុជា​នាពេលក​ន្លង​ទៅ។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​ល្អ​ប្រសើរ​ជា​លំដាប់​បន្ត​បន្ទាប់ទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានចាត់ទុកសម្ដេចតេជោ គឺជាតួអ​ង្គ​មួយ​ដ៏​សំខាន់​ក្នុង​ការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសការ​គឺ​ការ​ផ្សារ​​ភ្ជាប់​នូវទំនាក់ទំនងប្រទេសទាំងពីរតាំងពីរឆ្នាំ ១៩៩៧មក។

ជាចុងក្រោយ​សម្ដេចតេជោ បានជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង ទទួលជោគជ័យ​បន្ថែម​ទៀត បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មនៅកម្ពុជា ហើយសង្ឃឹម​ថា​ឯកឧត្តម​នឹង​ត្រឡប់​មកកម្ពុជានាពេលនាខាងមុខ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia