ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គមនៅកម្ពុជាដល់គណៈប្រតិភូនៃប្រទេសឡាវ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម ដើម្បីពិភាក្សាការងារ និងចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងគាំពារសង្គម នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចពិភាក្សានាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការគ្រប់គ្រងគាំពារសង្គមកម្ពុជា វិសាលភាពគោលនយោបាយសន្ដិសុខសង្គម និងសុខុមាលភាពសង្គមនៅព្រះរាជាណាចក្រកម្ពុជាទៅដល់គណៈប្រតិភូឡាវដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួងយើងទាំងពីរ ទាំងនៅប្រទេសកម្ពុជា និងប្រទេសឡាវ គឺមានវិសាលភាពគ្របដណ្ដប់ទៅលើវិស័យសន្ដិសុខសង្គមដូចគ្នា។ ដូច្នេះគឺជារឿងមួយមានសារប្រយោជន៍ ដែលយើងបានជួបគ្នា និងអាចផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាចែករំលែកទស្សនវិស័យពាក់ព័ន្ធ របបសន្ដិសុខសង្គម ហើយការអនុវត្តរបបសន្ដិសុខសង្គមនៅឡាវ និងកម្ពុជា ក៏មានស្ថានភាព លក្ខណៈប្រហាក់ប្រហែលគ្នាដែរ»។
បន្ថែមលើការចែករំលែកបទពិសោធនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍ឱ្យមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីចែករំលែក ផ្លាស់ប្ដូរបទពិសោធទាក់ទងបច្ចេកទេសនៃការគ្រប់គ្រងអភិបាលកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។

ជាការឆ្លើយតប ឯកឧត្តម Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដែលបានចំណាយពេលវេលាចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងរបបសន្ដិសុខសង្គមដល់គណៈប្រតិភូឡាវ។
ឯកឧត្តម Phongsaysack បានបន្ថែមថា តាមរយៈជំនួបនាព្រឹកនេះឯកឧត្តមនឹងដកស្រង់បទពិសោធដែលឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់ជូនទៅអនុវត្តតាមស្ថានភាពជាក់ស្ដែងទាក់ទង ការគ្រប់គ្រងអភិបាលកិច្ច និងការអនុវត្តរបបសន្ដិសុខសង្គមនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន៕




-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ