ព័ត៌មាន
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(Regulatory Impact Assessment-RIA) ក្រោមប្រធានបទ «ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តល្អប្រសើរ សម្រាប់ការរីកចម្រើននៃសង្គម» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, លោក Anthony Robert Gill នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍ និងវិស័យឯកជន សរុបប្រមាណ៥០០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សិក្ខាសាលានៅថ្ងៃនេះបានគូសបញ្ជាក់យ៉ាងប្រចក្សពីការបោះជំហានទៅមុខឆ្ពោះទៅការសម្រេចបាននូវបង្គោលចរយ៉ាងសំខាន់មួយ ក្នុងរបៀបវារៈកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា ក៏ដូចជាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយភាពឆ្លាតវៃ ការកសាងស្ថាប័ន និងវិធានឱ្យកាន់តែរឹងមាំ ព្រមទាំងការប្រកាន់ខ្ជាប់នូវការកសាងបរិយាកាសគោលនយោបាយសមស្រប ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ RIA មិនមែនជាការងារ ឬគំនិតផ្តួចផ្តើមថ្មីទេ ប៉ុន្តែជាការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នូបនីយកម្ម (institutionalize) ការងារតាក់តែងនិងរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ ឱ្យប្រសើរជាងមុននៅក្នុងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីធានានូវសង្គតិភាព, បញ្ចៀសការជាន់ដែនសមត្ថកិច្ចគ្នា, ការពារនូវការបង្កើនបន្ទុកអនុលោមភាពច្រើនលើសលប់ និងធានាផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ស្របតាមអាទិភាពដែលបានកំណត់ដោយរាជរដ្ឋាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា កន្លងមក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ការអនុវត្ត RIA បានចាប់ផ្ដើមពីឆ្នាំ២០១១ និងបានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួង ស្ថាប័ន នៅឆ្នាំ២០១៦ ដោយទីស្តីការគណៈរដ្ឋមន្រ្តីដើរតួនាទីជាទ្វារបាល ដឹកនាំសម្របសម្រួល និងពិនិត្យ មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ អនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងបានប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” ក្នុងគោលដៅកែទម្រង់ច្បាប់កម្ពុជាឱ្យទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា ដើម្បីធានាឱ្យបាននូវវប្បធម៌នីតិរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុងកិច្ចការទ្រទ្រង់រដ្ឋ ការកសាងជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយជវភាព និងភាពរស់រវើក ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងនូវយោបល់ចំនួន ៦ចំណុច សម្រាប់ការពង្រឹងការអនុវត្ត RIA រួមមាន ទី១. ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវពង្រឹងមុខងារស្នូល ជាស្ថាប័នសម្របសម្រួល ពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ និងនិរាករណ៍ច្បាប់។ ECOSOCC ជាអង្គភាពបង្គោលសម្រាប់អនុវត្ត RIA ត្រូវបង្កើតប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធតាមដានត្រួតពិនិត្យច្បាស់លាស់និងត្រូវធ្វើបច្ចុប្បន្នកម្មសៀវភៅគោលការណ៍ណែនាំ RIA និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ទី២. ទីស្តីការគណៈរដ្ឋមន្ត្រីនឹងធ្វើឌីជីថលនីយកម្មដំណើរការ RIA រួមបញ្ចូលទាំងការបង្កើតមូលដ្ឋានទិន្នន័យរួម (RIA Data Center) និងការរៀបចំទម្រង់គំរូ ដែលជួយលើការរៀបចំរបាយការណ៍វាយតម្លៃ ទី៣. សូមគ្រប់ក្រសួង ស្ថាប័នចូលរួមក្នុងការធ្វើស្ថាប័នូបនីយកម្ម RIA ដោយបង្កើតក្រុមការងារ RIA ដែលគាំទ្រដោយគោលការណ៍ណែនាំថ្នាក់ជាតិ ដំណើរការច្បាស់លាស់ និងយន្តការត្រួតពិនិត្យសកម្ម ទី៤. សូមគ្រប់ក្រសួង ស្ថាប័នពង្រឹងសមត្ថភាពអង្គភាពនិងធនធានមនុស្ស ដើម្បីស្វែងយល់អំពី RIA សេចក្តីព្រាងច្បាប់ និងគោលនយោបាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើការវិភាគសេដ្ឋកិច្ចនិងសង្គមដោយម៉ត់ចត់ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ការពិគ្រោះយោបល់សាធារណៈ និងការអនុលោមតាមស្តង់ដាអន្តរជាតិ ទី៥. សូមគ្រប់ក្រសួង ស្ថាប័នពង្រឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្អែកលើវិទ្យាសាស្ត្រ ដើម្បីធានាការតាក់តែងសេចក្ដីព្រាងច្បាប់និងគោលនយោបាយមានសង្គតិភាពនិងភាពអាចរំពឹងទុកជាមុនបាន ទី៦. សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ដល់ការយកចិត្តទុកដាក់បន្ថែមទៀតលើការវិភាជន៍ថវិកាឱ្យបានគ្រប់គ្រាន់ដល់គ្រប់ក្រសួង ស្ថាប័ន ដើម្បីធានាឱ្យការអនុវត្ត RIA បានពេញលេញ និង ទី៧. សូមដៃគូអភិវឌ្ឍ ជាពិសេស ADB ផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាល រៀបចំជាក្របខ័ណ្ឌយុទ្ធសាស្រ្ត ឬផែនការនៃការអនុវត្ត RIA ដើម្បីសម្រេចគោលដៅរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជា។








-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា