Connect with us

ព័ត៌មាន

សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ​ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ជីមិន (Mr. Wang Zhimin) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៅរសៀលថ្ងៃទី១៥ ខែ  កក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ ឯកឧត្តម ឯកឧត្តម វ៉ាង ជីមិន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកសំខាន់មួយនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដែកថែបឱ្យកាន់តែរឹងមាំ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជានិងចិន កាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើង ដោយថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន រួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន បានឯកភាពគ្នាដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨” ដែលជាចក្ខុវិស័យ និងជាការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា-ចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនងនិងកិច្ចសប្រតិបត្តិការទ្វេភាគីក្នុងកម្រិតថ្មីមួយទៀត សំដៅសម្រេចបានការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅដើមឆ្នាំនេះនៅកម្ពុជា ដែលបានពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត មានឯកសារចំនួន៣៧បានចុះហត្ថលេខាដែលបានគ្របដណ្តប់ស្ទើរគ្រប់វិស័យ បានពង្រឹងទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងបាន នាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងជូនប្រជាពលរដ្ឋទំាងសងខាង។

រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការតម្កល់ការអភិវឌ្ឍ និងផ្តោតលើប្រជាជនជាអាទិភាព និងការជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ។

ឯកឧត្តម វ៉ាង ជីមិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៅក្នុងឱកាសនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរបន្ថែមទៀតពិសេសការផ្លាស់ប្តូរបទពិសោធន៍ជាមួយ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា។

ឯកឧត្តម បានយល់ស្របចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អនិងរឹងមាំ កម្ពុជានិងចិន ដែលមានតំាងពីយូរលុងមកហើយ។ ចំណងមិត្តភាពនេះបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ ឯកឧត្តមបាន ក៏បានថ្លែងអរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលជាចំណែកយ៉ាងសំខាន់នៅក្នុងការចូលរួមដល់ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតបត្តិការ នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជាពិសេស សម្តេច បានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំកន្លងទៅ ដោយទទួលបានផ្លែផ្កាជាទីមោទនៈនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទំាងពីរ។

ឯកឧត្តម ប្រធានគណៈប្រតិភូបានលើកឡើងថាប្រទេសចិន មានទស្សនវិស័យថាឆ្នាំ២០៥០ នឹងក្លាយជាប្រទេសសង្គមនិយមដ៏រុងរឿង ជាប្រទេសប្រជាធិបតេយ្យបែបចិន ជាមួយគ្នានេះនៅឆ្នាំ២០៥០ ដដែលនោះប្រទេសកម្ពុជានឹងឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម វ៉ាង ជីមិន មានជំនឿមុតមាំថាប្រទេសកម្ពុជានិងចិន នឹងបន្តធ្វើដំណើររួមឆ្ពោះសម្រេចទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។

ក្រៅពីការជំរុញការវិនិយោគនិងការទាក់ទាញអ្នកទេសចរពីប្រទេសចិនមកកម្ពុជាបន្ថែមទៀត សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋនិយមថា សភាតំណាងប្រជាជនចិន និងគំាទ្រកម្ពុជាបន្ថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយហេតុថាវិស័យទំាងពីរនេះ សុទ្ធសឹងជាវិស័យអាទិភាព ជួយដល់ប្រជាពលរដ្ឋ ពីព្រោះថាទំាងការអប់រំនិងសុខភាពជាកត្តាចំបងក្នុងការជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងពីជម្លោះព្រំដែនកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃ ផងដែរ។ កម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍រួមរស់ដោយសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ កម្ពុជាបានអនុវត្តនូវមធ្យោបាយស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាទ្វេភាគី ផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ ។ ជាពិសេសកម្ពុជាចង់បានណាស់នូវ “ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ប៉ុន្តែភាគីថៃមិនទទួលយកហើយតែងតែបង្កជម្លោះ ពង្រីកពីបញ្ហាព្រំដែនទៅជារឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយបានបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទំាងពីរពិសេសជីវភាពពលរដ្ឋទំាងសងខាង។

ឯកឧត្តម វ៉ាង ជីមិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំង បានស្តាប់ដោយយកចិត្តទុកដាក់ពីការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia