ព័ត៌មាន
សម្ដេចប្រធានរដ្ឋសភា៖ បារាំងគឺជាតួអង្គដ៏សំខាន់ចូលរួមចំណែកដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា និងថៃ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង ដែលនឹងចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម សម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានាដែលឯកឧត្តម បានជួយសម្រួបសម្រួលរៀបចំ ដូចជាព្រះរាជទស្សនកិច្ច ទស្សនកិច្ចផ្លូវការ ការងារ និងការចូលរួមកិច្ចប្រជុំកំពូលនានា នៅបារាំង របស់ព្រះករុណាព្រះមហាក្សត្រ, សម្តេចតេជោ ក្នុងអំឡុងពេលជានាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និងសម្ដេចផ្ទាល់ដែលបានអញ្ជើញទៅធ្វើទស្សនកិច្ច និងចូលរួមកិច្ចប្រជុំប្រធានសភាស្រ្ដីនៅបារាំងកាលពីឆ្នាំ២០២៤ ដែលសកម្មភាពទាំងនេះគឺជាកិច្ចឆ្លើយតបដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំង។
សម្ដេចប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកអគ្គរដ្ឋទូតដែលសម្រេចបាននៅក្នុងប្រទេសកម្ពុជា ដោយបានជំរុញ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដែលក្នុងពេលថ្មីៗនេះទំនាក់ទំនងប្រទេសទាំងពីរបានកើនឡើងមួយកម្រិតទៀត។
សម្ដេចប្រធានរដ្ឋសភាបន្តថា ទំនាក់ទំនងកម្ពុជា-បារាំង គឺមានទំនាក់ទំនងជាប្រវត្តិសាស្រ្ដតាំងពីយូរឡុងណាស់មកហើយៗបារាំងក៏ជាតួអង្គមួយដ៏សំខាន់ក្នុងការងារចូលរួមចំណែកដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ សម្ដេចប្រធានរដ្ឋសភា បានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់បារាំងដែលបានបញ្ជាក់ថានឹងជួយផ្ដល់នូវឯកសារពាក់ព័ន្ធ ដើម្បីជួយសម្រួលក្នុងការដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា និងថៃឱ្យបានដោយរលូន។
សម្ដេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់បារាំងដែលបានជួយដល់ដំណើរការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា និងបន្តចូលរួមចំណែកទាំងលើការផ្ដល់ជំនួយឥតសំណង និងការជំរុញវិនិយោគ និងពាណិជ្ជកម្មផ្សេងៗមកវិនិយោគនៅកម្ពុជា។ ក្រៅពីនេះបារាំងបានជួយកម្ពុជាជាច្រើនទៀត នៅលើវិស័យអប់រំ វិស័យសុខាភិបាល វប្បធម៌ផងដែរ។ សម្ដេចប្រធានរដ្ឋសភា ជំរុញឱ្យឯកអគ្គរដ្ឋទូតបារាំងថ្មីដែលមកបន្តបេសកកម្មនៅកម្ពុជា បន្តចូលរួមចំណែកជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យ ពាណិជ្ជកម្ម វិនិយោគ និងជំរុញជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍ និងផ្ដល់ឱកាសដល់ឯកឧត្តមបានចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានបង្ហាញនៅសមិទ្ធផលដែលសម្ដេចបានក្នុងអាណត្តិរបស់ឯកឧត្តមធ្វើជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានបញ្ជាក់អំពីការត្រៀមក្នុងការទទួលទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងអញ្ជើញមកកម្ពុជានៅឆ្នាំ២០២៦ខាងមុខ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (APF) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ