ព័ត៌មាន
សម្ដេចតេជោ៖ សាលានាយទាហាន ពលទាហាន តាមបណ្តាភូមិភាគគួរត្រូវបានរៀបចំក្នុងកាលៈទេសៈនេះ ខណៈកម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំក្រោយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សាលានាយទាហាន ពលទាហាន តាមបណ្តាភូមិភាគនានា គួរត្រូវបានរៀបចំក្នុងកាលៈទេសៈនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំ២០២៦ ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានបន្តចែករំលែកប្រវត្តិ និងបទពិសោធន៍ក៏ដូចជាផលវិបាក នៃសង្រ្គាមរបស់កម្ពុជាទាំងនៅទីក្រុងនិងនៅព្រំដែន ដែលបានជួបប្រទះនាពេលកន្លងមក។ សម្តេចតេជោ បានគូសរំលេចថា តាមរយៈការឈឺចាប់ទាំងនេះ សម្តេចបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពទឹកដី និងសុខសន្តិភាពជូនកម្ពុជាប្រមាណជិត ២៧ឆ្នាំ មកហើយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឯកភាពទឹកដី និងសុខសន្តិភាពនេះហើយ ដែលជាបុរេលក្ខខណ្ឌក្នុងការនាំមកនូវការអភិវឌ្ឍ។
សម្តេចតេជោ បានបន្តកត់សម្គាល់ អំពីសារៈសំខាន់នៃការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំ២០២៦តទៅ ដូចដែលបានលើកឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដែលច្បាប់កាតព្វកិច្ចយោធានេះ មានតាំងពី២០ឆ្នាំមុនម្លេះ។ សម្តេចតេជោ បានបន្តថ្លែងថា សាលានាយទាហាន ព្រមទាំងសាលាពលទាហាននៅតាមបណ្តាភូមិភាគនានា គួរត្រូវបានរៀបចំក្នុងកាលៈទេសៈដ៏សមស្របនេះ។
សម្តេចតេជោ បានបន្តចែករំលែកពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាងបង្កើតកងទ័ពរបស់សម្តេច ជាពិសេសចក្ខុវិស័យសម្តេចក្នុងការរក្សាធនធានមនុស្ស ដែលជាមេទ័ពចាស់មានបទពិសោធន៍ ព្រោះមេទ័ព ត្រូវតែរក្សានូវភាពនឹងនរ និងភាពម្ចាស់ការក្នុងការប្រយុទ្ធ។ សម្តេចតេជោ ក៏បានលើកឡើងអំពីសក្តានុពលស្បៀងរបស់កម្ពុជាក្នុងការនាំចេញទៅទីផ្សារហ្វីលីពីន និងកាលានុវត្តភាពនៃវិស័យផ្សេងៗទៀតក្នុងការពង្រឹងភាពជាដៃគូល្អកម្ពុជា-ហ្វីលីពីន។
ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការចែករំលែករបស់សម្តេចតេជោ និងគូសបញ្ជាក់អំពីសារៈសំខាន់នៃមេរៀន និងបទពិសោធន៍ស្វែងរកសន្តិភាពរបស់សម្តេចតេជោ ដែលឯកឧត្តមបានសិក្សារៀនសូត្រនាពេលកន្លងមក ជាពិសេសការប្រើប្រាស់បទពិសោធន៍នយោបាយឈ្នះ ឈ្នះ របស់កម្ពុជា សម្រាប់រដ្ឋាភិបាល និងកងទ័ពហ្វីលីពីនក្នុងការរក្សាស្ថិរភាពនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនផងដែរ។ ឯកឧត្តម បានបន្តសង្កត់ធ្ងន់ថា កងទ័ពជើងគោកហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រជាជនយើងទាំងពីរ៕



-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ