Connect with us

ព័ត៌មាន

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ឱសថ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតំបន់ដាច់ស្រយាល ក្នុងវត្តស្ទឹងឃ្លាត ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ។

​លោកបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាសាល តំណាងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានការចូលរួមពីឯកឧត្ដម ភឿន កុសល លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣៩នាក់ ស្រី ២៣នាក់ និងនាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដោយសហការជាមួយលោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុកឱរ៉ាល់ ក្រុមការងារស្រុក ឃុំតាសាល និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាសាល អាជ្ញាធរដែលពាក់ព័ន្ធ ចុះពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន៦០៧នាក់ ស្រី៤៨៦នាក់ និងបាននាំយកទានវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២វត្ត ផងដែរ។

នាឱកាសនេះដែរលោកបណ្ឌិត សាយ ឫទ្ធី បានលើកឡើងថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នាដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។

លោកបណ្ឌិត បន្តថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ចៅ ពន្លឺ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលដែលអញ្ជើញមកទទួលសេវាថែទាំសុខភាពពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាថ្ងៃនេះ មានជំនាញផ្នែកប្រព័ន្ធប្រសាទ វាស់ចង្វាក់បេះដូង និងត្រចៀក ច្រមុះ បំពង់ក និងព្យាបាលដោយស្អំ ពិនិត្យជំងឺទូទៅ និងវាស់សម្ពាធឈាមផងដែរ។

ទន្ទឹមគ្នានោះដែរ លោក ពីវ វេង ជំទប់ទី១ នៃឃុំតាសាល និងបងប្អូនប្រជាពលរដ្ឋ មកពីតំបន់ដាច់ស្រយាល បានលើកឡើងរួមគ្នាថា ពិតជាមានទឹកចិត្តសប្បាយរីករាយដោយកី្តសោមនស្សជាទីបំផុត ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយពុំមានយកថវិកានោះទេ ក្នុងនោះមានការពិនិត្យទៅតាមអាការៈរោគ និងចែកឱសថតម្រូវទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យជំនាញ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៩ កក្កដា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨សាខា (ក្នុងនោះមានចំនួន២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យចំនួន៣សាខា) ដឹកនាំសម្របសម្រួលដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២១៩៥លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.៣៣៩.៥៨៦នាក់ (ដប់បីលាន សាមសិបបីម៉ឺន ប្រាំបួនពាន់ប្រាំរយប៉ែតសិបប្រាំមួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨៤៦.៤៦១នាក់ (ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន ប្រាំមួយពាន់បួនរយហុកសិបមួយ នាក់) គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិបនាក់) ធៀបនឹងឆ្នាំ២០២៥   បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៦.៩៧៩.៣០០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំមួយលាន កៅសិបប្រាំពីរម៉ឺនប្រាំបួនពាន់បីរយ ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia