ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា
ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញការអប់រំនៅក្នុងខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកធ្វើឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តចំពោះវិស័យអប់រំ។
បន្ទាប់ពីលោកនាយកប្រតិបត្តិវិទ្យាស្ថានបានធ្វើបទបង្ហាញស្វាគមន៍ និងរាយការណ៍ពីប្រវត្តិ ក៏ដូចជាវឌ្ឍនភាពរបស់វិទ្យាស្ថានរួចមក ឯកឧត្តម គីម រិទ្ធី បានកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបាននិងកំពុងបង្រៀន និងសិក្សានៅវិទ្យាស្ថាននេះ។ ឯកឧត្តមបន្តថា ការសិក្សាគួរតែផ្ដោតលើមុខវិជ្ជាដែលខ្លួនពេញចិត្ត និងបានជ្រើសរើស។
ជាមួយនេះ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ដែលមានមហាវិទ្យាល័យចំនួន ៥ បានបើកដំណើរការអស់រយៈពេល ៦ ឆ្នាំមកហើយ ដែលឯកឧត្តមអភិបាលខេត្តបានចាត់ទុកថា វាជាសំណាងមួយសម្រាប់ខេត្តព្រះវិហារដែលមានវិទ្យាស្ថានបែបនេះ ដែលអាចជួយសម្រួលដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាប្អូនៗដែលពុំបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យអាចបន្តការសិក្សាបាន។ ម្យ៉ាងវិញទៀត ការសិក្សានៅវិទ្យាស្ថានក្នុងខេត្តក៏បានកាត់បន្ថយការចំណាយ និងហានិភ័យជាច្រើន បើធៀបនឹងការសិក្សានៅរាជធានីភ្នំពេញ។
ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យក្តាប់យកជំនាញ ភាសាអង់គ្លេស ជាគោលសំខាន់ បន្ថែមពីលើមុខជំនាញឯកទេសដែលកំពុងសិក្សា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើសុំទៅលោកនាយកប្រតិបត្តិវិទ្យាស្ថានឱ្យបង្កលក្ខណៈជូននិស្សិតអាចសិក្សា ជំនាញពីរសម្រាប់និស្សិតម្នាក់ ក្នុងពេលសិក្សាតែមួយ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតទទួលបានជំនាញទ្វេដង និងចៀសវាងការខាតពេលវេលា។
ឯកឧត្តម គីម រិទ្ធី ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យបន្តស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាដែលពិភពលោកកំពុងវិវត្តន៍ឈានទៅរកការរីកចម្រើនដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ជាពិសេសកម្មវិធីនៅក្នុង Google និង IT ដែលជាកម្មវិធីទូលំទូលាយ និងអាចផ្តល់ជាមធ្យោបាយដ៏ល្អក្នុងការពង្រឹងចំណេះដឹងបន្ថែម។ បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យនិស្សិតទាំងអស់បង្កើត គណនីអ៊ីមែល (Email Account) ដើម្បីជាគុណប្រយោជន៍ក្នុងការទំនាក់ទំនង និងស្វែងរកព័ត៌មាន៕

















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព