Connect with us

ព័ត៌មាន

ក្រសួងការបរទេសកម្ពុជា៖ ករណីទាហានថៃដាច់ជើងដោយសារជាន់មីន គឺកើតឡើង នៅទឹកដីកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានអះអាងថា ករណីទាហានថៃ ដែលរងរបួស និងដាច់ជើងដោយសារជាន់មីនកាលពីកន្លងទៅថ្មីៗនោះ គឺកើតឡើងលើទឹកដីកម្ពុជា ដូច្នេះ ក្រសួងសូមទាត់ចោលទាំងស្រុងចំពោះការលើកឡើងរបស់ថៃ ដែលចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស ដែលហៅកាត់ថាអូតាវ៉ា។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញកាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ថៃ ដែលបានចោទប្រកាន់កម្ពុជា ចំពោះករណីទាហានថៃឈ្លានពានចូលទឹកដីកម្ពុជា ហើយបានជាន់មីនផ្ទុះ បណ្តាលឲ្យដាច់ជើង និងរងរបួសចំនួនបីនាក់កាលពីកន្លងទៅនោះ បានបញ្ជាក់ថា«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចាំបាច់ត្រូវតែបញ្ជាក់ជាថ្មីថាហេតុការណ៍ពាក់ព័ន្ធនឹងការចោទប្រកាន់គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត១/២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។ ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ផែនទីទាំងនេះក៏ជាឯកសារយោងសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ ២០១៣។ វាជាការសោកស្ដាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃបានចូលទៅក្នុងតំបន់នេះដោយរំលោភ លើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់មិនឲ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួច។ទោះបីជាកម្ពុជាបានព្រមានអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយគ្រាប់មីនមិនទាន់ផ្ទុះ បន្សល់ពីជម្លោះប្រដាប់អាវុធរាប់ទសវត្សរ៍ក៏ដោយ ក៏ទាហានថៃបានងាកចេញពីផ្លូវល្បាតដែលប្រទេសទាំងពីរ បានសម្របសម្រួលគ្នាកន្លងមក ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងចូលកាត់មកលើទឹកដីកម្ពុជា»។

ករណីទាហានថៃជាន់មីនលើទឹកដីកម្ពុជាបណ្តាលឲ្យដាច់ជើងនេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិបត្តិការអន្តរជាតិកម្ពុជាច្រានចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មិនប្រឆាំងមនុស្ស» ដែលចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំង មនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ។ ក្រសួងការបរទេសកម្ពុជាបានបន្ថែមថា ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះខ្លឹមសារ ស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជាបានរំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ។ កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពកម្ចាត់មីន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនោះរួមមានទាំងវឌ្ឍនភាពយ៉ាងធំក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់កម្ពុជា ក៏ដូចការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពមិនទទួលខុសត្រូវរបស់ថៃនេះបានរំលោភលើការយោគយល់គ្នាជាទ្វេភាគី រំលោភលើទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា បង្កហានិភ័យដល់អាយុជីវិតមនុស្ស និងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។

ក្រសួងបានបញ្ជាក់ទៀតថា សកម្មភាពរបស់ថៃនេះនៅមិនទាន់លើកផងទេអំពីបំណងខុសច្បាប់ និងមិនស្របតាមច្បាប់ ក្នុងការដាក់ចេញបទបញ្ញត្តិ សម្រាប់ភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាចូលទៅក្នុងប្រាសាទតាមាន់ធំ ដូចដែលយោធាថៃបានប្រកាស ដោយសារតែគេអះអាងអធិបតេយ្យរបស់ថៃលើតំបន់ប្រាសាទនេះ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសកម្ពុជាបានលើកឡើងផងដែរថាទោះបីជាការពិតច្បាស់លាស់ និងមិនអាចប្រកែកបានក៏ដោយ ក៏ប្រទេសថៃ«នៅតែបន្តចេញ សេចក្តីថ្លែងការណ៍ដែលមិនមានការទទួលខុសត្រូវ និងបំភ័ន្តមតិ ដោយអះអាងថាខ្លួនបានបោសសម្អាតមីននៅតំបន់ដែលទាហានថៃរងរបួសដោយសារការផ្ទុះមីន តាមការពិត ទាហានកម្ពុជានៅតែឈរជើងក្នុងតំបន់នោះដដែល ហើយក៏មិនដែលមានសកម្មភាពដោះមីនកើតឡើងដូចការអះអាងរបស់ថៃនោះទេ ព្រោះថាតំបន់នេះស្ថិតនៅក្នុងទឹកដីកម្ពុជា។ ជាជាងទទួលស្គាល់ការពិត និងទទួលយកការទទួលខុសត្រូវ ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន និងសហគមន៍អន្តរជាតិ។ កម្ពុជាជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ហើយចាត់វិធានការឱ្យបានសមស្របដើម្បី កែតម្រូវការនិយាយមិនពិតរបស់ខ្លួន»។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ផងដែរថាឧប្បត្តិហេតុខាងលើនេះ(ទាហានថៃជាន់មីនផ្ទុះដាច់ជើងលើទឹកដីកម្ពុជា)បង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់ ឲ្យប្រទេសទាំងពីររកដំណោះស្រាយជាបន្ទាន់ដោយសន្តិវិធី និងមានចំណងកាតព្វកិច្ចច្បាប់ តាមរយៈយន្តការអន្តរជាតិសមស្រប។ ដូច្នេះហើយ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំហរយូរអង្វែងរបស់ខ្លួនថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការ ដ៏សំខាន់របស់អង្គការសហប្រជាជាតិ គឺជាវេទិកាដ៏គួរឱ្យទុកចិត្តបំផុត និងមិនលំអៀងបំផុតសម្រាប់ការដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ។

កម្ពុជាសូមជំរុញឱ្យប្រទេ សថៃទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើបញ្ហានេះដោយស្មោះត្រង់ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្ដេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រចំពោះការដោះស្រាយ ជម្លោះព្រំដែនដោយត្រឹមត្រូវ យុត្តិធម៌ និងតាមសន្តិវិធី ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង ទប់ស្កាត់កុំ ឲ្យមានឧប្បត្តិហេតុអកុសលកើតឡើងទៀត និងរួមចំណែកដល់ស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូលផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia