ព័ត៌មាន
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប
គិតមកដល់ពេលនេះ កសិករសមាជិកនៃសហគមន៍កសិកម្មទំនើបស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំចំនួន ១៧៨ គ្រួសារបានងាកមកជ្រើសរើសដាំស្រូវសែនក្រអូបក្រោមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្នុងរដូវកាលនេះពួកគាត់ទទួលផលចំណេញច្រើនជាងអ្នកដាំស្រូវអូអឹមជិត១លានរៀល ក្នុង១ហិកតា។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងឱកាសចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា ផលចំណេញរបស់ប្រជាកសិករនេះ បានមកដោយសារតែស្រូវសែនក្រអូបកំពុងលក់ចេញក្នុងតម្លៃ ១ ២៧០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងថ្លៃស្រូវអូអឹមក្នុងរង្វង់ ៤៥០ រៀល ទោះបីជាស្រូវអូអឹមមានទិន្នផលខ្ពស់ជាងក៏ដោយ។ មួយផ្នែកទៀតបានមកពីការកាត់បន្ថយចំណាយលើធាតុចូល និងថ្លៃការប្រាក់ ជាពិសេសទទួលបានចំណេញពីថ្លៃជី រហូតដល់ទៅ ៣ម៉ឺនរៀលក្នុងមួយបាវ បើប្រៀបធៀបទៅនឹងថ្លៃដែលកសិករទិញជីរៀងៗខ្លួន។ ឯកឧត្តម បានបន្ថែមថា នារដូវកាលបន្ទាប់ខាងមុខនេះនឹងមានសមាជិកចូលថ្មីបន្ថែមទៀត ដែលធ្វើឱ្យផ្ទៃដីផលិតកម្មរបស់សហគមន៍ហក់ឡើងពី ១ ០០០ហិកតា រហូតដល់ទៅជាង ៥ ០០០ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការជ្រើសរើសពូជយុទ្ធសាស្ត្ររបស់កម្ពុជាមកដាំ និងការចុះកិច្ចសន្យាទិញលក់ទុកជាមុន ព្រមទាំងបានណែនាំឱ្យសហគមន៍ត្រៀមផែនការឱ្យបានច្បាស់លាស់សម្រាប់ផលិតកម្មនៅរដូវកាលបន្ទាប់ ជាពិសេសការត្រៀមទុន ពូជ និងទីផ្សារ។
កសិករនៅក្នុងសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំ បានលើកឡើងដោយទឹកមុខសប្បាយរីករាយថា គិតមកដល់ពេលនេះ សហគមន៍បានដំណើរការរយៈពេលប្រមាណ ៧ខែមកហើយ ដោយទទួលសមាជិកកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងផ្ទៃដាំដុះផងដែរ។ ក្រុមកសិករ បានរៀបរាប់ស្រដៀងគ្នាថា កាលពីកន្លងមក មិនទាន់ក្លាយជាសហគមន៍កសិកម្មទំនើប កសិករធ្វើស្រែតែងតែខាត ហើយមុនពេលធ្វើក៏តែងតែបារម្ភអំពីខ្វះទីផ្សារ ក៏ជាបារម្ភអំពីតម្លៃមិនច្បាស់លាស់ជាដើម។ ប៉ុន្តែ រហូតមកដល់ពេលនេះ បន្ទាប់ពីបានចងក្រងជាសហគមន៍ទំនើប គឺល្អប្រសើរច្រើនជាងពេលមុនៗ ដោយពិតជាទទួលបានផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម សិក្សារៀបចំប្រព័ន្ធស្រោចស្រពគោល ដើម្បីធានាឱ្យបានថា ការធ្វើផលិតកម្មស្រូវនៅក្នុងតំបន់នេះមានទឹកគ្រប់គ្រាន់ទៅតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្ត្រីឧទ្យានុរក្ស បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
-
ព័ត៌មាន6 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត