ព័ត៌មាន
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈការវិនិយោគមធ្យោបាយដឹកជញ្ជូន-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
ភ្នំពេញ៖ ស្ថិតក្រោមក្របខណ្ឌមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ស្តីពីការប្រែប្រួលអាកាសធាតុ ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីរបស់សាធារណៈរដ្ឋកូរ៉េ Very Words.Inc តាមរយៈកិច្ចសហប្រតិបត្តិការ គម្រោង Internationally Transferred Mitigation Outcomes (ITMOs) បានកំពុងរួមចំណែកយ៉ាងសំខាន់ជាមួយកម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី និងការស្ថានីយសាកថ្មចល័តនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ពីការប្រែប្រួលអាកាសធាតុ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត.Malle Fofana, នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ដែលបានគាំទ្រវិនិយោគិនកូរ៉េ និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយនឹង GGGI ដើម្បីរួចចំណែកកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាកត្តាធ្វើកើនឡើងកំដៅជាសកល និងការប្រែប្រួលអាកាសធាតុ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅថ្ងៃនេះ មិនមែនគ្រាន់តែជាកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែជាការរួមគ្នាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីបរិស្ថានពិភពលោករបស់យើងទាំងអស់គ្នា។ ទោះបីជាមានភាពងាយរងគ្រោះ ខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នកាបូនិច ដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ការរក្សាបាននូវលំនឹងជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែប។

ឯកឧត្តមបណ្ឌិត បានបន្តថា ការបណ្តាក់ទុនវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី របស់សាធារណរដ្ឋកូរ៉េនាពេលនេះ គឺជាការវិនិយោគដែលបានគិតគូរ ពីបរិស្ថាន និងអាយុជីវិតរបស់យើងទាំងអស់គ្នា ដោយសារការសាយភាយឧស្ម័នផ្ទះកញ្ចក់គឺកើនចេញពីវិស័យធំៗចំនួន៥គឺ ថាមពល ឧស្សាហកម្ម កសិកម្ម ការគ្រប់គ្រងសំនល់ និងដឹកជញ្ជូន។

ជាការពិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំពោះកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើភាពស្អាត បៃតង និងចីរភាព។
ឥឡូវនេះ ប្រទេសកម្ពុជាកំពុងបញ្ចប់ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដែលបានធ្វើបច្ចុប្បន្នភាពលើកទីបី (NDC 3.0) ដែលកំណត់គោលដៅប្រកបដោយមហិច្ឆិតាសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៤ភាគរយនៅឆ្នាំ២០៣៥ ទាំងលក្ខខណ្ឌ និងគ្មានលក្ខខណ្ឌ ស្មើនឹងប្រមាណ ៦៤.៦ លានតោននៃកាបូនឌីអុកស៊ីតជារៀងរាល់ឆ្នាំ។ ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជាបានប៉ាន់ប្រមាណតម្រូវការហិរញ្ញប្បទានរបស់ខ្លួនសម្រាប់ទាំងការកាត់បន្ថយអាកាសធាតុ និងការបន្សាំ។ ការដោះស្រាយតម្រូវការនេះតម្រូវឱ្យមានការកៀរគរហិរញ្ញប្បទាន- ប្រមូលផ្តុំរដ្ឋាភិបាល វិនិយោគិនឯកជន ស្ថាប័នអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០។

គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងក្រុមហ៊ុនកូរ៉េVery Words Inc.ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនី និងគំនិតផ្តួចផ្តើមជាច្រើនទៀតក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា៕


-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្ត្រីឧទ្យានុរក្ស បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
-
ព័ត៌មាន6 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត