ព័ត៌មាន
លេខាធិការដ្ឋាន គ.វ.រ. បើកកិច្ចប្រជុំ ពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ ពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០
នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង៣១ តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស សរុបប្រមាណ២០០ រូប។

កិច្ចប្រជុំលេខាធិការដ្ឋានគ.វ.រ. លើកទី៧ នេះ ជាកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០ រួមមាន៖ (១)ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២)ក្រសួងព័ត៌មាន (៣)ក្រសួងសុខាភិបាល (៤)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៥)ក្រសួងបរិស្ថាន (៦)ក្រសួងពាណិជ្ជកម្ម (៧) ក្រសួងអភិវឌ្ឍន៍ជនបទ (៨)ក្រសួងកិច្ចការនារី (៩)ក្រសួងរ៉ែ និងថាមពល និង (១០)អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងអង្គភាពសវនកម្មផ្ទៃក្នុង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគ.វ.រ. បានរំលឹកពីសមិទ្ធផលដែលចូលរួមលើកកម្ពស់ការកែទម្រង់រដ្ឋបាលសាធារណៈ ដែលលេខាធិការដ្ឋានសម្រេចបានតាមរយៈកិច្ចប្រជុំ ៦ដងកន្លងមក។ ទន្ទឹមគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “សេចក្តីព្រាងអនុក្រឹត្យទាំង១០ ដែលនឹងពិភាក្សានាព្រឹកនេះ បានឆ្លងកាត់ពិភាក្សាយ៉ាងហ្មត់ចត់ ការប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើក ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដែលមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «ពង្រឹង ជាជាងពង្រីក» និង«រៀបចំផ្ទះឱ្យរៀបរយ» ព្រមទាំងមានភាពប្រទាក់ក្រឡាគ្នាក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។”
សូមជម្រាបថា កិច្ចប្រជុំនាព្រឹកនេះ នឹងពិនិត្យ ពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យទាំង១០ ម្តងមួយៗ ដើម្បីធានាដល់ការចូលរួមមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តទាំងនេះមានខ្លឹមសារគ្របដណ្តប់គ្រប់ជ្រុងជ្រោយ ស្របតាមអភិក្រមរបស់ក្រសួងមុខងារសាធារណៈគឺ «ពិគ្រោះយោបល់ឱ្យបានច្រើន ហើយស្តាប់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»៕ អត្ថបទ៖ គឹមហុក









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព