ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ដែលមានចំនួនសរុបប្រមាណ ១៧០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការធ្វើបរិវត្តកម្មឌីជីថលសម្រាប់រដ្ឋាភិបាលទាំងមូល ក្នុងគោលដៅលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបានចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះតាំងពីចុងឆ្នាំ២០២៣ ដោយបានសិក្សាលម្អិតទៅលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថលក្នុងបណ្តាប្រទេសមួយចំនួន ព្រមទាំងឯកសារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UN) និងអង្គការសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលឱ្យបានផុសផុលដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេចក្ដីព្រាងច្បាប់នេះ សំដៅឆ្លើយតបនឹងសកម្មភាពអាទិភាពរបស់ជាតិ និងឧត្ដមានុវត្តន៍អន្តរជាតិ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងផ្ដោតទៅលើការគ្រប់គ្រងអភិវឌ្ឍន៍វិស័យឌីជីថល និងបានដាក់ចេញនូវផែនការសកម្មភាពដែលជំរុញការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងពង្រឹងសន្តិសុខឌីជីថល ដែលជាការចង្អុលបង្ហាញដោយគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ លើសពីនេះ ក្រសួងនិងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏បានអភិវឌ្ឍថ្នាលរួមរបស់រាជរដ្ឋាភិបាល (Digital Government Products/DGPs) ជាច្រើន ជាពិសេសថ្នាលសេវាសាធារណៈឌីជីថលរួម ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព