ព័ត៌មាន
យុទ្ធនាការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីកម្រិតមតេយ្យដល់វិទ្យាល័យបានចាប់ផ្ដើម
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នេះ បានប្រកាសបើកយុទ្ធនាការ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម័្ពន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលចាប់រាប់ពីកម្រិតមតេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ ការប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។
ឈានចូលមកដល់ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋជាថ្មី ក្រោយខកខានធ្វើរយៈពេលប្រមាណ ១៥ឆ្នាំមកនេះ។ ការធ្វើជំរឿននេះ គឺធ្វើឡើងគ្រប់សាលារៀនរដ្ឋទាំងអស់ ដោយផ្តោតលើ ៤កម្រិតសិក្សា គឺនៅថ្នាក់មតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។
ការធ្វើជំរឿនគ្រូបង្រៀននេះ អនុវត្តទូទាំងប្រទេស ដោយក្រុមការងារជំនាញនឹងចុះទៅបំពេញការងារស្រង់ទិន្នន័យដល់ទីតាំងសាលារៀនដោយផ្ទាល់។ ការអនុវត្តដំបូង នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ទើបឈានទៅតាមបណ្ដាខេត្តផ្សេងទៀត។ ការងារជំរឿនគ្រូបង្រៀននេះ គឺរាប់បញ្ចូលទាំងគ្រូបង្រៀនក្របខណ្ឌ ក៏ដូចជាគ្រូបង្រៀនកិច្ចសន្យាដែលកំពុងបង្រៀននៅតាមសាលារៀននីមួយៗជាក់ស្ដែង។ ការធ្វើជំរឿននេះ គឺតម្រូវឱ្យគ្រូបង្រៀនបង្ហាញខ្លួនជាចាំបាច់។
សម្រាប់ការជំរឿននេះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការងារជំរឿនគ្រូបង្រៀន ជាការងារចាំបាច់ ធ្វើឡើងដើម្បីដឹងច្បាស់ពីរចនាសម្ព័ន្ធនៅតាមសាលានីមួយៗ និងដឹងច្បាស់ពីចំនួនគ្រូបង្រៀនជាក់លាក់នៅតាមសាលារៀន ព្រោះបច្ចុប្បន្នសាលារៀនខ្លះអាចមានចំនួនគ្រូលើសពីតម្រូវការ រីឯសាលារៀនខ្លះ អាចមានកង្វះគ្រូបង្រៀន។ ចំនួនគ្រូបង្រៀនលើសភាគច្រើនកើតឡើងនៅទីប្រជំជន រីឯការខ្វះគ្រូបង្រៀនភាគច្រើនកើតឡើងនៅតាមទីជនបទដាច់ស្រយាល។
លោកជំទាវបញ្ជាក់ដែរថា ការដែលដឹងច្បាស់ ពីរចនាសម័្ពន្ធ និងចំនួនគ្រូបង្រៀនជាក់លាក់នៅតាមសាលារៀន គឺវានឹងក្លាយជាទិន្នន័យដ៏សំខាន់ ពិសេសការងារជ្រើសរើសគ្រូបង្រៀននៅពេលអនាគត។
ចំពោះការងារជំរឿនគ្រូបង្រៀននេះដែរ លោក ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា នេះជាការងារសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងការឆ្លើយតបការងារ។
ការងារជំរឿនគ្រូបង្រៀននេះ ជាការងារដើម្បីចង់ដឹងច្បាស់ពីទិន្នន័យគ្រូបង្រៀននៅគ្រឹះស្ថានសិក្សារដ្ឋទូទាំងប្រទេស ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរ។ ការងារជំរឿនគ្រូបង្រៀន គឺមិនប៉ះពាល់គ្រូបង្រៀននោះទេ។
អត្ថបទ៖គឹមហុក










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព