ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទផ្តល់សម្ភារៈអនាម័យ និងបង្គន់អនាម័យ១៦បន្ទប់នៅទីតាំងជម្លៀសជនភៀសសឹកមកពីថ្មដា
ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ តំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកសម្ភាៈអនាម័យ ដែលបានផ្តល់ជូនពីក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈកិច្ចសហការជាមួយអង្គការ UNICEF ទៅប្រគលជូនរដ្ឋបាលស្រុកវាលវែង ដើម្បីធ្វើការបែងចែកជូនបងប្អូនជនភៀសសឹក និងបងៗកងទ័ពជួរមុខនៅថ្មដា ព្រំដែនកម្ពុជា-ថៃ ។ ជាមួយគ្នានោះ លោក ធីម សុធារ៉ា និងក្រុមការងារ រួមនិងអាជ្ញាធរស្រុកវាលវែង បានចុះពិនិត្យទីតាំងសម្រាប់សាងសង់បង្គន់អនាម័យបន្ថែម នៅទីតាំងសុវត្ថិភាពទាំង០២កន្លែងនៅឃុំប្រម៉ោយ ដែលបងប្អូនជនភៀសសឹកមកពីថ្មដា ព្រំដែនកម្ពុជា-ថៃ កំពុងស្នាក់នៅបណ្តោះអាសន្នផងដែរ ។
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានលើកឡើងថាដោយមានក្តីបារម្ភ និងយកចិត្តទុកដាក់ អំពីបញ្ហាសុខភាពអនាម័យ របស់បងប្អូនជនភៀសសឹក ក៏ដូចជាកងទ័ពជួរមុខ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ចែងឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនាំយកសម្ភារៈអនាម័យរួមមាន ៖ ធុងទឹកចំណុះ៦០លីត្រចំនួន១០០ , ប៊ីដុងទឹកបត់បានចំណុះ២០លីត្រចំនួន១០០០ , ធុងទឹកចំណុះ១៨លីត្រចំនួន ១០០០ ,សាប៊ូម្សៅ៧៥០កញ្ចប់ និងសាប៊ូដុំចំនួន១០០កេស រួមនិងណែនាំអោយសាងសង់បង្គន់អនាម័យបន្ថែមចំនួន១៦បន្ទប់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ជូនបងប្អូនជនភៀសសឹក ។
ក្នុងនាមអាជ្ញាធរស្រុកវាលវែង លោក ធាង ឡេង អភិបាលស្រុកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ឆាយ ឫទ្ធិសែន ដែលបានចាត់តំណាងនាំយក សម្ភារៈអនាម័យ និងការសាងសង់បង្គន់អនាម័យបន្ថែមសម្រាប់ជនភៀសសឹក និងកងទ័ពជួរមុខក្នុងស្រុកវាលវែង។ ហើយលោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានាដែលជាសមរភូមិជួរក្រោយ ដែលបានចូលរួមជួយឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដែលបានបង្ហាញឲ្យឃើញថា ឯកភាពជាតិខ្មែរ និងសាមគ្គីផ្ទៃក្នុងខ្មែរ មានភាពរឹងមាំ។
សូមជម្រាបជូនដែរថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់ជាមួយ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។ ហើយឃុំថ្មដា មានភូមិចំនួន៥ ក្នុងនោះភូមិផ្លូវការចំនួន៣ភូមិរួមមាន៖ ភូមិឯកភាព ភូមិកណ្តាល និងភូមិសង្គមថ្មី និងភូមិឧបសម្ព័ន្ធចំនួន ២គឺ ភូមិអូរសួស្តី និងភូមិស្ទឹងមេទឹក ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៣០២៨នាក់ ស្មើរនិង៧៨១គ្រួសារ ។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលជាជនភៀសសឹកមកស្នាក់បណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពទាំង ០២កន្លែងនៅទីរួមស្រុកវាលវែង មានចំនួន១៩៩០នាក់ ក្នុងនោះមនុស្សស្រី១០២០នាក់ និងកុមារមានចំនួន៦៧៦នាក់ ៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព