ព័ត៌មាន
កម្ពុជា-ចិន ឯកភាពគ្នាពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យ ធីវ៉េត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ ដើម្បីពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈ នៃការយោគយល់គ្នាទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ស្របតាមតម្រូវការទីផ្សារការងារ។
ក្នុងជំនួបការងារជាមួយ ឯកឧត្តម យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី និងខេត្ត។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដើម្បីរួមចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន គួរតែពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម បានបន្ថែមថា ទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតទៅលើវិស័យការងារ សន្ដិសុខសង្គម និងជាពិសេសលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
ជាការឆ្លើយតប ឯកឧត្តម យាន ឈីងហ៊ុយ អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ដោយភាគីចិនយល់ព្រមក្នុងការពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកឧត្តម យាន ឈីងហ៊ុយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព