ព័ត៌មាន
ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ រួមគ្នានាំយកស្បៀងជូនជនភៀសសឹកនិងកងទ័ពជួរមុខក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន មកពីស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានរួមគ្នានាំយក ស្បៀងអាហារជាច្រើនមុខ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូន ជនភៀសសឹកក្នុងស្រុកវាលវែង និងបងប្អូនកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅឃុំថ្មដា ស្រុកវាលវែង តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាមួយគ្នានោះព្រះសង្ឃបានធ្វើពិធីប្រោសព្រំសុំសេចក្តីសុខជូនដល់ ជនភៀសសឹក និងបងប្អូនកងទ័ពជួរមុខផងដែរ ។
ឯកឧត្តមបណ្ឌិត ទី ថានី មានប្រសាសន៍លើកឡើងថា ស្បៀងអាហារជាច្រើនមុខទាំងនេះ គឺបានមកពីការចូលរួមដោយស្ម័គ្រចិត្ត ពីព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន និងសប្បុរសជននានាក្នុងស្រុកទាំង៣ ដើម្បីចូលរួមចំណែកសម្រួលការលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាការលើកទឹកចិត្ត និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ។
ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណ ជូនចំពោះ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន មកពីស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទី ថានី ដែលបានរួមគ្នាឧបត្ថម្ភនិងនាំយកស្បៀងអាហារជាច្រើនមុខ ប្រគល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីសមរភូមិមុខ ក្នុងឃុំថ្មដា មកកាន់កន្លែងមានសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ទីរួមស្រុកវាលវែង និងសម្រាប់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដីព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តមអផិបាលខេត្តបានបន្តថា ការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន មកពីស្រុកទាំង៣ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយបន្ទុករបស់ រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការផ្គត់ផ្គងប្រជាពលរដ្ឋជាជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពចំនួន២ក្នុងទីរួមស្រុកវាលវែង ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព