ព័ត៌មាន
កម្ពុជាសង្ឃឹមថា អូស្ត្រាលីនឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជនក្នុងវិស័យអប់រំ ធីវ៉េត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ អំពីការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ រវាងក្រសួងការងារ និងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានដំណើរការល្អ។ ឯកឧត្តម បានសង្កត់ធ្ងន់លើការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការអប់រំបណ្ដុះបណ្ដាលជំនាញគ្រឿងម៉ាស៊ីនរថយន្តអគ្គិសនី ជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំនាញមួយចំនួនទៀត ដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា តាមរយៈសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះសង្ឃឹមថា នឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យស្របទៅតាមទីផ្សារការងារ។ ដូច្នេះ កម្ពុជាទន្ទឹងរង់ចាំធ្វើការងារនេះ យ៉ាងជិតស្និទ្ធជាមួយរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតប ភាគីអូស្តាលី បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តម ហេង សួរ និងបានបញ្ជាក់ថា រដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានោះ លោកស្រី បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី និងមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តធ្វើកិច្ចការ និងពិភាក្សាគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅដល់ការសម្រេចនូវសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានឆាប់ ដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោងអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា៕










-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ