ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវភាគីថៃ បញ្ជូនកងទ័ពកម្ពុជាទាំង២០រូបត្រឡប់មកវិញឲ្យបានឆាប់
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ចំណាប់ខ្មាំងកម្ពុជាទាំង២១នាក់ ដែលថៃបានចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ពេលនេះកម្ពុជាទទួលបានសព១រូប។ រីឯកងកម្លាំងចំនួន ២០រូបផ្សេងទៀត រាជរដ្ឋាភិបាលបាននិងកំពុងចចារ ធ្វើយ៉ាងណាឲ្យពួកគេអាចត្រលប់មកកម្ពុជាវិញបានឆាប់បំផុត និងដោយសុខសុវត្ថិភាព។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ពាក់ព័ន្ធនឹងកម្លាំងរបស់កម្ពុជាចំនួន២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះយើងបានទទួលសពមួយរូប និង២០រូបទៀតដែលនឹងត្រូវបញ្ជូនត្រលប់មកវិញ។ អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យសង្គ្រាមកើតឡើងទៀតនោះទេ ដូចដែលអ្វើដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្ន»។
លោកជំទាវ ម៉ាលី សុជាតា បានស្នើឲ្យសាធារណជនជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះ ដោយលោកជំទាវបានគូសបញ្ជាក់ថា «នាងខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង និងកងកម្លាំងរបស់យើង មានលំនឹងចិត្តថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទរបស់យើង មិនដែលលះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ […] សូមប្រជាពលរដ្ឋមេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង ដែលកំពុងឈរជើងការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅបំផុត។ យើងនឹងបន្តចរចាឱ្យអស់ពីលទ្ធភាពដើម្បីយកបងប្អូនរបស់យើងត្រលប់មកវិញឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព»។
ក្នុងឱកាសនោះអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវឲ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជា ទាំង២០រូបឲ្យត្រឡប់មកវិញឲ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតប្រសិនមានក្រោមការ គ្រប់គ្រងរបស់ភាគីថៃ
គួរបញ្ជាក់ថា បើតាមលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានថ្លែងទៅកាន់អនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ដែលចុះទៅពិនិត្យតាមព្រំដែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កងទ័ពថៃបានប្រើកលល្បិចបក់ដៃហៅកងទ័ពកម្ពុជាទៅចរចា ហើយនៅពេលកងទ័ពកម្ពុជាទៅដល់ ពួកគេក៏លើកកាំភ្លើងភ្ជង់រួចចាប់កងទ័ពកម្ពុជា២០នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ៕
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព