ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញអាទិភាពការជួសជុល និងសាងសង់សាលារៀនខូចពីការផលប៉ះពាល់ពីវិវាទព្រំដែនជាមួយប្រទេសជិតខាង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ខ្ញុំបានដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញនូវអាទិភាពការជួសជុល សាងសង់ ដើម្បីបើកដំណើរការសាលារៀនឡើងវិញសម្រាប់បវេសនកាលឆ្នាំថ្មីឱ្យទាន់ពេលវេលា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទក្រសួង។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរបាយការណ៍យ៉ាងល្អិតល្អន់ ដែលទាំងនេះគឺជាលទ្ធផលនៃការចុះវាយតម្លៃយ៉ាងហ្មត់ចត់ដោយក្រុមការងារជំនាញ រួមជាមួយមន្ទីរអប់រំខេត្តពាក់ព័ន្ធ ដែលបានកត់ត្រានូវទំហំ និងកម្រិតនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំ ជាពិសេសនៅតាមបណ្ដោយព្រំដែន ដែលរងផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីស្ថានភាពជម្លោះព្រំដែនជាមួយប្រទេសជិតខាង។ របាយការណ៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការរៀបចំគម្រោង និងផែនការគាំទ្រសម្រាប់ការស្តារ និងកសាងឡើងវិញនូវអគារសិក្សា បណ្ណាល័យ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្ត និងជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តសហការគ្នាឱ្យបានជិតស្និទ្ធជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលរងផលប៉ះពាល់ ដើម្បីចុះជួយគាំទ្រ និងពិនិត្យស្ថានភាពបន្ថែម ក្នុងគោលដៅធានាបានថា ការងារជួសជុល និងសាងសង់ឡើងវិញនេះ ប្រព្រឹត្តទៅបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយនឹងជួយគាំទ្រឱ្យសាលារៀនដែលរងផលប៉ះពាល់អាចបើកដំណើរការឡើងវិញសម្រាប់បវេសនកាលឆ្នាំថ្មីនេះ បានទាន់ពេលវេលា និងផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពជូនដល់សិស្សានុសិស្សរបស់យើង។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដែលបាននិងកំពុងអនុវត្តកិច្ចការនេះ ដើម្បីឱ្យកូនចៅយើងទាំងអស់គ្នាអាចទទួលបានការសិក្សាប្រកបដោយគុណភាព និងពេញលេញ ដោយបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តខិតខំប្រឹងប្រែង រកគ្រប់មធ្យោបាយ ដើម្បីធានាបាននូវការគាំទ្រ និងការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរឡើងនាពេលអនាគត ជាពិសេសតំបន់ដែលជាប់ព្រំដែន៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព