ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល សហការរៀបចំពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃសុខាភិបាលមូលដ្ឋាន»
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការរៀបចំពីធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃសុខាភិបាលមូលដ្ឋាន» ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលាភូមិន្ទរដ្ឋបាល។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលរាជធានី តំណាងរដ្ឋបាលខណ្ឌ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនៃរាជធានីភ្នំពេញ ព្រមទាំងក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃសុខាភិបាលមូលដ្ឋាន ទាំង ១៤ខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងសុន្ទរកថាស្វាគមន៍លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីគោលបំណងនៃការធ្វើជំរឿន។ ក្នុងនោះ លោកជំទាវបានលើកឡើងថា “គោលបំណងនៃការធ្វើជំរឿនគឺដើម្បី៖ (១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃអង្គភាពសុខាភិបាលមូលដ្ឋាន (២)កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន (៣)ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្នន័យ តាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់ក្នុងរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងមន្ត្រីនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន និង (៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន។”
ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ មូលដ្ឋានគ្រឹះនៃបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី គឺដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យកាន់តែខ្លាំង មានសមត្ថភាពខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងជាសាកល។
លោកជំទាវបានបញ្ជាក់ជូនអង្គពិធីថា យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមអនុវត្តមុនគេនៅក្នុងភូមិសាស្ត្រនៃរដ្ឋបាលរាជធានីភ្នំពេញ និងដំណាក់កាលបន្តអនុវត្តនៅគ្រប់ទីតាំងអង្គភាពសុខាភិបាលមូលដ្ឋានទូទាំងប្រទេស៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព