ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងចាត់វិធានការជួយវិស័យឯកជន បង្កើតខ្សែច្រវាក់ផ្គត់ផ្គង់មានភាពធន់
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការបញ្ហាប្រឈមផ្នែកឯកជន រាប់បញ្ចូលទាំងការកែសម្រួលច្បាប់ និងបទប្បញ្ញត្តិ ការផ្តល់ ការលើកលែង និងអត្ថប្រយោជន៍ផ្សេងៗ រហូតដល់ការកែលម្អសេវាសាធារណៈ ដើម្បីឱ្យវិស័យឯកជនចាប់យកឱកាស និងបង្កើតខ្សែ ច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះថា នេះជាឆ្នាំទី៣ ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់ជាមួយផ្នែកឯកជន បន្ទាប់ពីការរៀបចំពីរជុំកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណើរបស់ផ្នែកឯកជន ក្នុងវិស័យ កម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម។ នេះជាភាពចាំបាច់ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងស្រុកពេញលេញមួយ ដែលមានទាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការកែច្នៃ រហូតដល់សេវាឡូជីស្ទីក ការធានាគុណភាព និងលទ្ធភាពចូលក្នុងទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកំណែទម្រង់ រួមទាំងការពង្រីកសេវាសាធារណៈ តាមប្រព័ន្ធឌីជីថល និងការបង្កើតយន្តការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់ផ្នែកឯកជន។ រាជរដ្ឋាភិបាល បានស្តាប់បញ្ហាប្រឈមរបស់ផ្នែកឯកជន ហើយបាននិងកំពុងចាត់វិធានការជាក់ស្តែង រាប់បញ្ចូលទាំងការកែសម្រួលច្បាប់ និង បទប្បញ្ញត្តិ ការផ្តល់ការលើកលែងនិងអត្ថប្រយោជន៍ផ្សេងៗ រហូតដល់ការកែលម្អសេវាសាធារណៈ។ ប៉ុន្តែបញ្ហានេះក៏ត្រូវការឱ្យវិស័យ ឯកជនមានបុរេសកម្ម និងភាពសកម្ម ដើម្បីចាប់យកឱកាស និងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់។
ឧកញ៉ា ឈិន កេន តំណាងសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារ (គ) ផ្នែកឯកជន លើកឡើងថា នៅក្នុងវិបត្តិ ដែលមិនទាន់មានភាពប្រាកដប្រជានេះ វិស័យឯកជនត្រូវការរាជរដ្ឋាភិបាលជួយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដើម្បីជំរុញឱ្យ ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ពង្រីងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឆ្លើយតបនិងតម្រូវការទីផ្សារ និងបង្កើតការងារបន្ថែមទៀតសម្រាប់ ប្រជាពលរដ្ឋកម្ពុជា។
សម្រាប់ជុំទី៣ នៃកិច្ចពិគ្រោះយោបល់នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រមូលបញ្ហាប្រឈមពីផ្នែកឯកជននៅទូទាំងប្រទេស ដោយបានបង្រួមជាបញ្ហាប្រឈមជាក់លាក់ចំនួន ១២ រួមបញ្ចូលទាំងបញ្ហាថ្លៃឡូជីស្ទីក និងថ្លៃដើមផលិត- កម្មខ្ពស់ ការប្រកួតប្រជែងមិនស្មើភាព លទ្ធភាពទទួលបានហិរញ្ញវត្ថុ ការឈានចូលទីផ្សារ កម្លាំងពលកម្មជំនាញ បញ្ហាបច្ចេកវិទ្យា និងបច្ចេកទេសផលិតកម្ម ព្រមទាំងបញ្ហាប្រឈមក្នុងការធ្វើអនុលោមភាពដូចជា៖ ការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីផលិតផល ការបំពេញបែបបទនិងនីតិវិធីគយ និងពន្ធដារ និងការអនុលោមតាមស្តង់ដាជាដើម៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន4 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន6 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ