ព័ត៌មាន
ក្រសួងការងារ ច្រានចោលការបំភ្លៃរបស់កាសែតថៃដែលថា “ពលករខ្មែរចាកចេញពីថៃដោយសារការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី”
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសទាត់ចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។

លោក ស៊ុន មេសា បញ្ជាក់ថា “ខ្ញុំសូមច្រានចោលការលើកឡើងរបស់កាសែតថៃនេះដែលជារឿយៗផ្សាយព័ត៌មានមិនពិតហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិសូមមេត្តាកុំជឿលើការផ្សាយនេះឱ្យសោះ”។
ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃប្រមាណ ៧៥ម៉ឺននាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។
ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃសូមបន្តវិលមកស្រុកកំណើតយើងវិញ នៅពេលដែលបងប្អូនទទួលរងការបំភិតបំភ័យ វាយធ្វើបាប និងមិនឱ្យតម្លៃ។ បន្ថែមពីនេះ ក្រសួងការងារ សូមបញ្ជាក់ជូនបងប្អូនមេត្តាជ្រាបថា ក្រសួងការងារបាននិងកំពុងធ្វើយុទ្ធនាការជំហានទី២ ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃនៅតាមឃុំចំនួន ៣០០កន្លែងនៅទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឱ្យពលរដ្ឋខ្មែរនៅក្នុងស្រុកមេត្តាជួយផ្សព្វផ្សាយស្តីពីឱកាសការងារដ៏ច្រើនសម្បូរបែបរបស់កម្ពុជាដែលយើងមានឱកាសការងារទាំងថ្មី និងចាស់ប្រមាណជាង ៥៥ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដោយគ្រាន់តែបញ្ជាក់ថា “ត្រូវការការងារ និងការរៀនជំនាញសូមទាក់ទងតាមលេខទូរសព្ទ ១២៩៧”៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព