ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមកែវិញ្ញាសាសរសេរលើកទី ២សម្រាប់ការប្រឡងមន្ត្រីច្បាប់
ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនប្រឡងធ្វើជាមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី លើវិញ្ញាសាសរសេរលើកទី២។ វិញ្ញាសាសរសេរលើកទី ២នេះ ជាវិញ្ញាសាចុងក្រោយ ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ២៤រូប។ បេក្ខជនទាំង ២៤រូបនេះ ជាបេក្ខជនដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី ១ ទើបមានសិទ្ធិក្នុងការប្រឡងវិញ្ញាសាសរសេរលើកទី ២។
ការចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ លើវិញ្ញាសាសរសេរលើកទី ២សម្រាប់ ការប្រឡងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើឡើងក្រោមវត្តមានចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមកពីទីស្ដីការគណៈរដ្ឋមន្ត្រី។
កំណែសន្លឹកកិច្ចការ ចាប់ផ្តើមតាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មាន ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
សន្លឹកកិច្ចការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ ជាសំណួរអធិប្បាយ ផ្តោតលើឯកទេសជំនាញ និងចំណេះដឹងទូទៅ។ ការប្រឡងលើកចុងក្រោយនេះ នឹងជ្រើសរើសត្រឹម ៨នាក់ប៉ុណ្ណោះ ក្នុងនោះសម្រាប់ជំនាញនីតិឯកជនចំនួន ៥នាក់ និងជំនាញនីតិអន្តរជាតិចំនួន ៣នាក់។ ការប្រឡងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីនេះ ជាការរៀបចំលើកទី ២ សម្រាប់ឆ្នាំ ២០២៥ ដោយការប្រឡងលើកទី ១ កន្លងទៅ ជ្រើសរើស ១៥នាក់ តែលទ្ធផលជាប់បានត្រឹម ៧នាក់ប៉ុណ្ណោះ។ ការប្រឡងជ្រើសរើសមន្ត្រីច្បាប់ជាលើកទី ២នេះ ជាការជ្រើសរើស ៨នាក់បន្ថែម ដើម្បីឱ្យគ្រប់តាមចំនួនតម្រូវការ។
ទន្ទឹមនឹងការធ្វើកំណែសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីច្បាប់នេះដែរ ក្រសួងមុខងារសាធារណៈ ក៏កំពុងដំណើរការ ការប្រឡងជ្រើសមន្ត្រីការទូតជាន់ខ្ពស់ ក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើ វិញ្ញាសាសួរផ្ទាល់មាត់ផងដែរ។
ក្រសួងមុខងារសាធារណៈ គ្រោងប្រកាសលទ្ធផលការប្រឡងទាំងពីរក្រសួងស្ថាប័ន នៅល្ងាចថ្ងៃនេះ៕ អត្ថបទ៖ គឹម ហុក







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព