ព័ត៌មាន
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ានលើកទី៥៨
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៨ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(ក្រោយសារមន្ទីរជាតិ) កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។
ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រារព្ធកម្មវិធីអបអរសាទរខួប នៃថ្ងៃបង្កើតអាស៊ាន ដែលមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ បណ្តាអង្គទូត ក៏ដូចជាសិស្ស និស្សិតជាច្រើនរូបផងដែរ។ សម្រាប់ឆ្នាំ២០២៥នេះ ដោយមានការសហការចូលរួមពីបណ្តាស្ថានទូត នៃបណ្តាប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបង្ហាញពីស្នាដៃសិប្បកម្មប្រពៃណី នៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្ត ការឆ្លើយសំនួរទាក់ទងនឹងអាស៊ាន ការសម្តែងសិល្បៈរបស់សិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ។
ឆ្លៀតក្នុងឱកាសអបអរសាទរទិវាអាស៊ានលើកទី៥៨នេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ចូលយើងបន្តពង្រឹងការបង្រួបបង្រួមគ្នា ថែរក្សាបេតិកភណ្ឌរួមគ្នារបស់មនុស្សជាតិយើង និងប្ដេជ្ញាចិត្តសហការគ្នា ដើម្បីកសាងសហគមន៍អាស៊ានមួយ ដែលរឹងមាំប្រកបដោយបរិយាបន្ន មានភាពធន់ និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយៗតទៅ។ ឱកាសនេះមិនត្រឹមតែជាការរំលឹកដល់ការបង្កើតរបស់យើងក្នុងឆ្នាំ 1967 ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ជាថ្មីអំពីចក្ខុវិស័យរួមរបស់យើង ឯកភាពគ្នាក្នុងភាពចម្រុះ និងការប្តេជ្ញាចិត្តចំពោះការរួមរស់ដោយសន្តិភាព និងការកសាងអនាគតដ៏រុងរឿងជាមួយគ្នា។ ថ្ងៃនេះ ពួកយើងត្រូវបានចូលរួមដោយតំណាងកិត្តិយសមកពីគ្រប់រដ្ឋសមាជិកអាស៊ានទាំងអស់ ទីម័រខាងកើត និងដៃគូរបស់យើង ដែលបង្ហាញពីស្មារតីនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលជាបេះដូងនៃសហគមន៍ក្នុងតំបន់របស់យើង។
លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា ឆ្នាំនេះ ក្រោមការដឹកនាំរបស់ម៉ាឡេស៊ី អាស៊ានប្រារព្ធក្រោមប្រធានបទ “ការរួមបញ្ចូល និងនិរន្តរភាព”។ ប្រធានបទនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការបំពេញគោលដៅនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2025 និងដើម្បីរៀបចំសម្រាប់អនាគត តាមរយៈចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2045។ អំពាវនាវឱ្យយើងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថាន ការធានាសន្តិសុខស្បៀងអាហារ និងថាមពល ការការពារស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់ភាពស្អិតរមួតក្នុងសង្គមចំពេលមានភាពមិនប្រាកដប្រជា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្នុងវិស័យវប្បធម៌ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវប្បធម៌ និងសិល្បៈ (AMCA) ដែលដឹកនាំនៅឆ្នាំនេះដោយប្រទេសម៉ាឡេស៊ី បានជ្រើសរើសប្រធានបទ “ការផ្សារភ្ជាប់វប្បធម៌ ការកសាងអនាគត៖ ឯកភាពក្នុងភាពចម្រុះ”។ ប្រធានបទនេះនិយាយដោយផ្ទាល់ទៅនឹងការជឿជាក់រួមគ្នារបស់យើងថា ខណៈពេលដែលអាស៊ាន គឺជាផ្ទះនៃភាសា សាសនា និងប្រពៃណីដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌របស់យើងគឺជាកម្លាំងបង្រួបបង្រួមដ៏មានឥទ្ធិពល។ វារំឭកយើងថា ការអភិរក្ស និងការលើកកម្ពស់ទាំងបេតិកភណ្ឌរូបី និងអរូបី គឺចាំបាច់សម្រាប់ការការពារអត្តសញ្ញាណរបស់យើង ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្តក្នុងចំណោមប្រជាជនរបស់យើង៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ