ព័ត៌មាន
បទវិភាគ៖ ថៃឈ្លានពានដោយស្ងៀមស្ងាត់ និងបង្កហេតុដោយបើកចំហ
ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និងស្មោះត្រង់ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ដោយឡែក ភាគីថៃវិញបានបង្ហាញចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាងច្បាស់ តាមរយៈការប្រើប្រាស់វិធីសាស្ត្រ ឈ្លានពានដោយស្ងៀមស្ងាត់ ដូចជាការប្រើកងទ័ពឱ្យរុលចូលទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស ការឈូសផ្លូវចូលក្នុងដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ព្រមទាំងការបាញ់ជំពាមកៅស៊ូជំនួសដោយកាំភ្លើងមកលើកងទ័ពកម្ពុជាជាដើម។ របៀបដែលកងទ័ពថៃធ្វើនេះគឺជាការឈ្លានពានដោយស្ងៀមស្ងាត់ដែលមានចរិត បង្កហេតុដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ប្រសិនបើភាគីកម្ពុជាអស់ការអត់ធ្មត់។
ម្យ៉ាងទៀត នៅពេលដែលកងទ័ពថៃផ្លាស់ទីចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងបំពាន នៅក្រោយ កិច្ចព្រមព្រៀងឈប់បាញ់ ពួកគេបានបង្ហាញចរិតបង្ករឿងជាចំហ តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដើម្បីចោទប្រកាន់កម្ពុជា ក្នុងចេតនាបង្កើតលេសដើម្បីបិទបាំងអំពើល្មើសរបស់ខ្លួន។
ជាក់ស្តែង ដើម្បីមានលេសចល័តទ័ព ពួកគេតែងតែចោទប្រកាន់កម្ពុជាថាបានចល័តកងទ័ព។ ដើម្បីមានលេសចល័តសព្វាវុធ ពួកគេតែងស្រែកថាកម្ពុជាចល័តសព្វាវុធ។ ដើម្បីមានលេសរុលចូលទឹកដីកម្ពុជា ពួកគេអះញអាងថា កងទ័ពកម្ពុជារុលចូលទឹកដីរបស់ថៃ។ ទាំងនេះគឺជាការបង្ករឿងជាចំហរដោយមិនខ្មាសអៀនព្រោះតែមហិច្ឆតាចង់បានទឹកដីកម្ពុជាដោយប្រើប្រាស់កលល្បិច «ស្វាស៊ីបាយរួចលាបមាត់ពពែ»។
នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះមានព័ត៌មានថា ទាហានថៃបានដើរជាន់មីនបណ្តាលឱ្យរបួស៣នាក់ក្នុងនោះម្នាក់ដាច់ជើងទាំងសងខាង។ នេះមិនមែនជាលើកទី១ទេដែលទាហានថៃដើររុលចូលក្នុងដីមានមីនប្រឆាំង មនុស្សដែលសល់ពីសម័យសង្គ្រាម។ ប៉ុន្តែរាល់លើក ពួកគេតែងចោទកម្ពុជាជាអ្នកដាក់មីនថ្មីៗ ហើយដាក់នៅលើទឹកដីថៃ។ តាមការពិត មីនទាំងនោះជាកាកសំណល់សល់ពីសម័យសង្គ្រាមសោះ។
រឿងនេះងាយយល់ណាស់ ពីព្រោះសូម្បីប្រជាជនសាមញ្ញម្នាក់ក៏យល់បានដែរ ដោយគ្រាន់តែលើកសំណួរមួយយ៉ាងសាមញ្ញសួរថា តើកងទ័ពថៃជាន់មីននៅលើដីថៃឬលើដីកម្ពុជា? បើជាន់មីននៅលើទឹកដីថៃ ច្បាស់ណាស់ថា កងទ័ពថៃខ្លួនឯងជាអ្នកដាក់ តែបើជាន់មីននៅលើទឹកដីកម្ពុជា មានន័យថា ពួកគេឈ្លានបានចូលទឹកដីកម្ពុជាដែលមានគ្រាប់មីនសល់ពីសម័យសង្គ្រាម។ ប៉ុន្តែពួកគេមិនដែលហានទទួលស្គាល់ការពិតនោះទេ តែបែរជាចោទកងទ័ពកម្ពុជាថាជាអ្នកដាក់មីនថ្មីដើម្បីមួលបង្កាច់ចោទប្រកាន់។
កាលពីមុនការផ្ទុះអាវុធថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក៏មានព្រឹត្តិការណ៍ផ្ទុះមីនដូចគ្នាដែរ ហើយការចោទប្រកាន់មកលើកម្ពុជាក៏ដូចគ្នា។ ក្រោយព្រឹត្តិការណ៍ផ្ទុះមីន មេភូមិភាគ ២ របស់ថៃបានព្រមានបិទប្រាសាទតាមាន់ធំ រួចហើយក៏បើកការវាយប្រហារប្រដាប់អាវុធមកលើកងទ័ពកម្ពុជាតែម្តង។ ឥឡូវនេះ ព្រឹត្តិការណ៍ដូចគ្នាបានកើតឡើងម្តងទៀត ហើយការព្រមានបិទប្រាសាទតាមាន់ធំដោយមេភូមិភាគ ២ ក៏កើតឡើងដូចគ្នា។
ដូច្នេះ បើមានការផ្ទុះអាវុធជាថ្មីដោយបំពានបទឈប់បាញ់គឺប្រាកដណាស់ថា ថៃជាអ្នកបាញ់មុនតាមគំរោងផែនការដែលបានរៀបចំទុកជាមុនរួចស្រេចដូចការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដាដដែល។
សរុបមកវិញ ថៃគឺជាអ្នកបង្កហេតុដោយគ្មានសង្ស័យឡើយ ហើយការផ្ទុះអាវុធនេះទៀតសោតគឺជាសេណារីយ៉ូដែលត្រូវបានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ ក្នុងគោលបំណងឈ្លានពានទឹកដីកម្ពុជាតាមផែនទីឯកតោភាគីរបស់ខ្លួន។ ដូច្នេះហើយបានជានៅពេលបទឈប់បាញ់ចូលជាធរមាន ពួកគេក៏ប្រើវិធីដើរចូលទន្ទ្រានទឹកដីខ្មែរ ដែលពួកគេប៉ុនប៉ងយកធ្វើជាកម្មសិទ្ធិទាំងនោះ ដោយបំពានលើបទឈប់បាញ់ ជាពិសេសបំពានការព្រមព្រៀងគ្នា ១៣ ចំណុចនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានចិននិងសហរដ្ឋអាមេរិកចូលរួមសង្កេតការណ៍ដែលមានចែងពីការហាមប្រាមការចល័តទ័ពនិងការដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើង។
ដូច្នេះ សូមសហគមន៍អន្តរជាតិដែលមានអនុព័ន្ធយោធាបរទេស បេសកកម្មការទូត ក្រុមអ្នកសង្កេតការណ៍អន្តរកាល ជាពិសេសសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងចិន ដែលជាអ្នកដើរតួនាទីគន្លឹះក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់នេះជួយធ្វើជាសាក្សីនិងថ្កោលទោសការបំពានបទឈប់បាញ់របស់ថៃហើយការពារបុព្វហេតុការពារបូរណភាពទឹកដីដោយស្មោះត្រង់របស់កម្ពុជា៕
ដោយ វង្ស មករា — សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ
ទស្សនៈដែលបានលើកឡើងនៅទីនេះគឺជាទស្សនៈរបស់អ្នកនិពន្ធ។
-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង