ព័ត៌មាន
ស៊ីម៉ាក់កំពុងមមាញឹកក្នុងការស្រាវជ្រាវគ្រាប់បែកចង្កោមដែលទាហានថៃបាញ់ស្រោចមកលើកម្ពុជាកាលពីចុងខែកន្លងទៅ
ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកCMACកម្ពុជា បានឲ្យដឹងថា នាពេលនេះមន្រ្តីជំនាញដោះមីនកម្ពុជាបានកំពុងធ្វើការមមាញឹកក្នុងការស្រាវជ្រាវរកគ្រាប់បែកចង្កោម ដែលថៃបាញ់ស្រោចមកលើកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ខណៈកូនគ្រាប់បែកចង្កោមដែលថៃបាញ់ហើយមិនផ្ទុះនោះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលាដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។

តាមរយៈផេកហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានថ្លែងថា ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ៈពាល់ដោយសារគ្រាប់បែកចង្កោម ដោយក្នុងសង្គ្រាមរយៈពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦ឯណោះ។
ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្ថែមទៀតថា«កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។ កម្លាំងអង្គភាពCMAC បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ»។
ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គនាយកCMACក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងករណី បានឃើញ ឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេល។
តាមរយៈសំណេរក្នុងហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏បានរំលឹកផងដែរថា តាមច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។
សូមបញ្ជាក់ថា គ្រាន់តែទិសខេត្តឧត្តរមានជ័យ មានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ ចំនួន១.៥៤៩គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84ចំនួន១០គ្រាប់ប៉ុន្តែផ្ទុះត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ ហើយមន្រ្តីCMACកំពុងធ្វើការស្រាវជ្រាវដាក់ស្លាកសញ្ញា ដើម្បីបោសសម្អាតកុំឲ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ នេះតាមឯកឧត្តម ហេង រតនា ដែលបានឲ្យដឹងកាលពីកន្លងទៅនេះ៕ អត្ថបទ៖ បានចក់












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព