ព័ត៌មាន
ក្រសួងការងារ ណែនាំដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្ដល់ព័ត៌មានពីឱកាសការងារជូនពលករខ្មែរទើបត្រឡប់មកពីថៃ ប្រកបដោយភាពកក់ក្តៅ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្តល់ព័ត៌មានពីឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនពួកគាត់តាមរយៈការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។
សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។
ក្រសួងការងារបន្តថា សហគ្រាស ក្រុមហ៊ុន រោងចក្រគួរតែចូលរួមឱ្យបានសកម្មក្នុង«វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅនៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត។
ដោយឡែក នៅរាជធានីភ្នំពេញមានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។
ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏នឹងចាប់ផ្តើមយុទ្ធនាការជុំទី៣នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែងរកការងារ និងសម្ភាសជ្រើសរើសបុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ/ សង្កាត់។
សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ក៏បាន ឬតាមរយៈប្រព័ន្ធ Zoom។ ទន្ទឹមគ្នានេះ ការចុះឈ្មោះស្វែងរកការងារតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ក៏នៅរក្សាផងដែរ។
សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវផ្តល់ការណែនាំ និងតម្រង់ទិសការងារដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃដំបូង និងសូមសម្របសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយជូនបងប្អូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន។
សហគ្រាស ក្រុមហ៊ុន រោងចក្រ សូមសហការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម មកក្រសួងការងាររៀងរាល់ ២សប្តាហ៍ម្តងតាមរយៈប្រព័ន្ធគ្រប់គ្រង ទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានតំណភ្ជាប់ https://lacms.mlvt.gov.kh ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬស្តែន QR Code (ជំនួយការឌីជីថល-MLVT)៕


-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ