ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកស្បៀងបានមកពីប្រជាជនខេត្តរួមនឹងសប្បុរជន ជូនជនភៀសសឹក និងកងទ័ពជួរមុខ ខេត្តព្រះវិហារ
ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខជនភៀសសឹកក្នុងខេត្តព្រះវិហារ ដោយនាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនិងអង្ករចំនួន៣០តោន ដែលជាអំណោយរបស់ប្រជាជនខេត្តពោធិ៍សាត់ រួមនិងសប្បុរសជននានា ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីធ្វើការបែងចែកជូនដល់កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។

ក្នុងឱកាសនោះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍លើកឡើងថា ក្នុងនាមកូនខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ប្រជាជនខេត្តពោធិ៍សាត់ ក៏ដូចជាសប្បុរសជននានា បានរួមគ្នា បរិច្ចាគចែករំលែក ស្បៀងជូនដល់ កងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ ដែលជាខេត្តទទួលរងគ្រោះ និងប្រឈមខ្លាំងពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ហើយផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព។ ឯកឧត្ដម ខូយ រីដា បានថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពានមិនឲ្យបាត់បង់ទឹកដី។

ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិភូខេត្តពោធិ៍សាត់ ដែលបាននាំយកអំណោយរបស់ប្រជាជនខេត្តពោធិ៍សាត់ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ បានបន្តចាត់ចែងដល់កងកម្លាំងជួរមុខ ការពារបូរណភាពទឹកដី និងបងប្អូនជនភៀសសឹកនាឱកាសនេះ។ ឯកឧត្ដមអភិបាលខេត្តព្រះវិហារបន្តថា កាយវិការរបស់ប្រជាជនខេត្តពោធិ៍សាត់ ក៏ដូចជាសប្បុរសជននាឱកាសនេះ ពិតជាបានបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ជាការលើកទឹកចិត្ត និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

សូមជម្រាប់ជូនថា អំណោយឧបត្ថម្ភគាំទ្រ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រួមទាំងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាឱកាសនោះ រួមមាន៖ អង្ករ៣០តោន, អង្ករដំណើប១០០គីឡូក្រាម, អំបុកលីងសាច់ផាត់ ៣០០កញ្ចប់ (របស់សាខាសមាគមនារីខេត្ត), ត្រីកេស ២៥គីឡូក្រាម, ប្រហុក១៣០គីឡូក្រាម, ត្រីងៀត ១៧គីឡូក្រាម, ត្រីប្រាហើម ១៦គីឡូក្រាម, ពងត្រីឆ្តោរ ៣គីឡូក្រាម, កំពឹសក្រៀម ២គីឡូក្រាម និងថវិកាមួយចំនួន៕









-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង