ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញបើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក.អ.ក., ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី/ខេត្ត។
កម្មវិធីនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបង្ហាញដល់ ក្រសួង/ស្ថាប័ន រដ្ឋបាលរាជធានី/ខេត្ត ឱ្យបានយល់កាន់តែច្បាស់អំពីការប្រើប្រាស់ប្រព័ន្ធ cdcIPM ក្នុងការធ្វើសាមញ្ញកម្មនីតិវិធីផ្តល់សេវា និងការប្រើប្រាស់ឯកសារឌីជីថល ដែលនឹងចូលរួមកាត់បន្ថយការក្លែងបន្លំឯកសារសាធារណៈដោយមានភ្ជាប់ជាមួយការផ្ទៀងផ្ទាត់ឯកសារតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងមានអនុលោមភាពតាមច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តនានា រួមមានជាអាទិ៍៖ ច្បាប់ស្តីពីវិនិយោគ, ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យលេខ១៣៩ ស្តីពីការអនុវត្តច្បាប់វិនិយោគ និងអនុក្រឹត្យលេខ៥១ ស្តីពីថ្នាលផ្ទៀងផ្ទាត់ទិន្នន័យ verify.gov.kh ជាពិសេសគឺការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការចំណេញពេលវេលាតាមរយៈការប្រើប្រាស់ប្រព័ន្ធ cdcIPM ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ដឹកនាំ ក.អ.ក. មន្ត្រីបច្ចេកទេស ក៏ដូចជាវិនិយោគិនអាចបំពេញភារកិច្ច និងដាក់ពាក្យស្នើសុំបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាក់ស្តែងរូបឯកឧត្តមផ្ទាល់បានអនុម័តគម្រោងពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដូចជា៖ អំឡុងពេលធ្វើដំណើរតាមរថភ្លើងពីទីក្រុងប៉ារីស មកទីក្រុងឡុងដ៍ក្នុងអំឡុងពេលបំពេញបេសកកម្មទាក់ទាញវិនិយោគនៅតំបន់អ៉ឺរ៉ុប, អំឡុងពេលធ្វើដំណើរតាមយន្តហោះត្រឡប់មកពីបំពេញបេសកកម្មនៅសហរដ្ឋអាម៉េរិកជាដើម។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ ក.អ.ក. ក្នុងការទាក់ទាញវិនិយោគ និងការសម្រួលពន្លឿននីតិវិធី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ ៣១២ពាន់កន្លែង។ ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ ជាតួលេខដែលច្រើនជាងរយៈពេល ១២ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើត ក.អ.ក. ។
គួររម្លឹកដែរថា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ cdcIPM នៅក្នុងខែសីហា ឆ្នាំ២០២៤ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងជាផ្លូវការ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៥៦/២៥ ក.អ.ក. ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ សូមជម្រាបដែរថា ក្នុងរយៈពេលជិតមួយឆ្នាំដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM មានការដាក់ពាក្យស្នើសុំវិនិយោគតាមរយៈប្រព័ន្ធនេះមានចំនួន ៣៨២គម្រោង ក្នុងនោះបានអនុម័តចំនួន ៣២៨គម្រោង៕










-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង