ព័ត៌មាន
រោងចក្រទឹកស្អាតតាខ្មៅតម្លៃជាង ២១លានដុល្លារ បានដាក់ឱ្យដំណើរការឆ្លើយតបនឹងតម្រូវការភាគខាងត្បូងរាជធានីភ្នំពេញ
កម្ពុជាសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ មានតម្លៃជាង ២១ លានដុល្លារ និងស្ថានីយ៍បូម ទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មី នៃការផ្គត់ផ្គង់ទឹកស្អាតសម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និង អាកាសយានដ្ឋានអន្តរជាតិតេជោ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ពិធីសម្ពោធសមិទ្ធ ផលថ្មី រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា (ក្រុមហ៊ុនមាន កម្មវត្ថុពិសេស) ប្រើប្រាស់បច្ចេកវិទ្យាជប៉ុន។ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែល នឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។
ចំណែកសមិទ្ធផលមួយទៀត គឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC និងរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរា លើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធ របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ។ ស្ថានីយ៍បូមទឹកឆៅថ្មី តម្លៃ ២៨ លានដុល្លារ មានសមត្ថភាពបូមទឹកឆៅបាន ៤៦០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រទឹកស្អាតនិរោធក្នុងដំណាក់កាលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា សមិទ្ធផលទាំងពីរនេះ នឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងជា ការរួមចំណែកសម្រេចគោលដៅ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ហេដ្ឋា រចនាសម្ព័ន្ធនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផ្គត់ផ្គង់ទឹកស្អាតស្របតាមស្តង់ដារ គុណភាព មានសុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងឱ្យដឹងថា បរិមាណនៃការ ផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើង ៧២% ពីប្រមាណ ៣០៩ លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០ លានម៉ែត្រគូប ក្នុងឆ្នាំ២០២៤ ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរួមចំណែកផលិតប្រមាណ ៥៩% នៅក្នុងឆ្នាំ២០២៤។ ចំពោះចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងយ៉ាងខ្លាំងពីជិត ៧៨២ ពាន់គ្រួសារក្នុងឆ្នាំ២០១៨ ដល់ជិត ៣ លានគ្រួសារក្នុងឆ្នាំ២០២៤។
ចំណែក ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លើកឡើងថា គម្រោងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាព ដ៏យូរអង្វែង រវាងជប៉ុននិងកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ជប៉ុនបានបន្តគាំទ្រវិស័យទឹកនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ និងបាន រួមចំណែកបង្កើតអព្ភូតហេតុទីក្រុងភ្នំពេញ ក្នុងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដែលអព្ភូតហេតុនេះត្រូវបានពង្រីកទៅកាន់ទីក្រុង និងខេត្តជាច្រើនផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព