ព័ត៌មាន
ក្រសួងបរិស្ថានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ដើម្បីរំលឹកដល់តម្លៃនៃការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ
ទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ន បានប្រព្រឹត្តទៅ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គភាពពាក់ព័ន្ធ និងប្រជាសហគមន៍ ដែលបានសហការជាមួយនិងក្រសួងបរិស្ថាន ក្នុងកិច្ចអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ។
ឯកឧត្តម សុខខេង នវិន្ទ បានថ្លែងថា ការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ត្រូវជាលើកទី១៨ នៃទិវាមន្ត្រីឧទ្យានុរក្សពិភពលោក នេះ មានគោលបំណង ១) លើកទឹកចិត្ត និងពង្រឹងសមត្ថភាពមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការការពារបរិស្ថាន និងធនធានធម្មជាតិ ២) បង្កើនការយល់ដឹងដល់សាធារណជនពីបេសកកម្មរបស់មន្រ្តីឧទ្យានុរក្ស ដើម្បីឱ្យកាន់តែមានការប្តេជ្ញាចិត្តចូលរួមសហការជាមួយមន្ត្រីឧទ្យានុរក្សក្នុងបុព្វហេតុកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។
ឯកឧត្តមអនុរដ្ឋបានបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង ពេញផ្ទៃប្រទេស និងភាពរុងរឿងនៃប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណជាបន្តបន្ទាប់បានធ្វើឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ នៅក្នុងកំណែទម្រង់ ព្រៃឈើ ធនធានធម្មជាតិ និងជលផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាប់ផ្តើមធ្វើកំណែទម្រង់ដោយចាប់ផ្តើមពី ការធ្វើទំនើបកម្មក្រសួង ឈានទៅរដ្ឋបាលទំនើប និងឆ្ពោះទៅកាន់រដ្ឋបាលឌីជីថល ក្នុងនោះការគ្រប់គ្រងតំបន់ការពារធម្មជាតិត្រូវបានបង្កើនប្រសិទ្ធភាពគ្រប់គ្រងតាមមុខងារនៃប្រព័ន្ធអេកូឡូស៊ីផ្សេងៗ ហើយ តំបន់ការពារធម្មជាតិបានកើនរហូតដល់ចំនួន ៧៣តំបន់ មានផ្ទៃដីសរុប ៧.០៤៦.៨៦៣ ហិកតា ស្មើនឹងជិត ៤០% នៃផ្ទៃប្រទេស។
ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានថ្លែងស្វាគមន៍ និងបានលើកឡើងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ មន្ត្រីឧទ្យានុរក្សទាំង អស់ ដែលបម្រើការនៅជួរមុខនៃការអភិរក្ស។ ខេត្តមណ្ឌលគិរីសម្បូរទៅដោយធនធានធម្មជាតិហើយតំបន់ការពារធម្មជាតិគឺដល់សារៈសំខាន់ទៅដល់ការអភិវឌ្ឍន៍នៃជីវភាពជាពិសេសការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។
លោក អាលីសស្ទែរ ម៉ូលដ៍ នាយកអង្គការ WCS បានលើកឡើងថាការប្រារព្ធ ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក ថ្ងៃនេះ យើងមករួមគ្នាដើម្បីគោរពដឹងគុណនូវភាពក្លាហាន ការបរិច្ចាកកម្លាំងកាយចិត្ត និងការលះបង់ដ៏ធំ ធេង របស់បុរស និងស្ត្រី ដែលបានបម្រើជួរមុខនៃការងារការពារ និងអភិរក្ស – គឺមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កម្ពុជា។ លោក បានបន្ថែមថា ក្នុងនាមជាតំណាងថ្ងៃនេះសម្រាប់គ្រួសារអង្គការអភិរក្ស នឹងបន្តឈរជាមួយអ្នក គាំទ្រអ្នក និងត្រូវបានលើកទឹកចិត្ត និងបំផុសគំនិតដោយគំរូ និងទង្វើល្អរបស់មន្ត្រីឧទ្យានុរក្សជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ជូនថា នៅក្នុងការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោកនាពេលនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់អំពីការងាររបស់មន្ត្រី ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនិងបានចូលរួមដាំកូនឈើជាច្រើនដើម នៅដែនជម្រកសត្វព្រៃកែសីមាក្នុងខេត្តមណ្ឌលគិរីផងដែរ។








-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន7 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន7 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ