ព័ត៌មាន
ភាពជាដៃគូយុទ្ធសាស្ត្ររវាង នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាល ភាពយន្តខ្លីកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ (DCCD) នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា (CFL) លើកទី៨។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ បង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានអ្នកផលិតភាពយន្តកម្ពុជាជំនាន់ក្រោយ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏សម្រូរបែប សម្រស់ធម្មជាតិ និងសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទស្សនិកជនជុំវិញពិភពលោក តាមរយៈភាពយន្ត។ វគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា ជាកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ដែលផ្តោតលើផ្នែកផលិតភាពយន្តខ្នាតខ្លី ទៅកាន់យុវជនកម្ពុជាដែលមានទេពកោសល្យ និងស្រលាញ់វិស័យភាពយន្ត។ នៅក្នុងវគ្គបណ្តុះបណ្តាល ឆ្នាំនេះ សិក្ខាកាមចំនួន៣៣នាក់ ត្រូវបានជ្រើសរើស និងត្រូវបានបង្ហាត់បង្រៀនដោយគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យភាពយន្ត។ ជាស្នាដៃ សិក្ខាកាមនឹងត្រូវធ្វើការជាក្រុមដើម្បីផលិតភាពយន្តខ្នាតខ្លីចំនួនពីរ ដែលបង្ហាញពីសម្រស់ធម្មជាតិ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅខេត្តកំពត។
នៅក្នុងកម្មវិធីនេះ សិក្ខាកាមនឹងឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកផលិតភាពយន្តរយៈពេល បីខែ (១២ សប្តាហ៍)។ ក្នុងនោះ ប្រាំពីរសប្តាហ៍ នឹងផ្តោតទៅលើមូលដ្ឋានគ្រឹះនៃការផលិតខ្សែភាពយន្ត ដែលរួមមានការសរសេរស្ត្រីប (script) ការដឹកនាំ ការថតភាពយន្ត បច្ចេកទេសសំឡេង ការកាត់ត និងការរៀបចំផែនការផលិតកម្ម។ ដំណាក់កាលបន្ទាប់ សិក្ខាកាមនឹងត្រូវអនុវត្តការផលិតភាពយន្តខ្លីរយៈពេល ប្រាំសប្តាហ៍ ដោយរួមបញ្ចូលដំណើរការ នៃការផលិតភាពយន្តទាំងមូល ចាប់តាំងពីការត្រៀមផលិត (ការរៀបចំគម្រោងក្នុងការថត ការជ្រើសរើសតួរសម្តែង ការស្វែងរកទីតាំង) ការផលិត (ការថតភាពយន្តខ្លីនៅទីតាំងផ្ទាល់) រហូតដល់ដំណាក់កាលកាត់ត (ការកាត់ត ការផ្តុំសម្លេងក្នុង studio និងការកែពណ៌រូបភាព)។
ក្នុងនាមជាដៃគូសំខាន់ និងជាអ្នកសហការរៀបចំកម្មវិធី CTB ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិ កៀរគរធនធានបន្ថែម និងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រសម្រាប់ដំណើរការកម្មវិធី។ ស្របទៅនឹងបេសកកម្មរបស់ខ្លួន ក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ភាពជាដៃគូនេះជាចំណុចចាប់ផ្តើមដ៏សំខាន់រវាង DCCD និង CTB ក្នុងការបង្កើនការផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ តាមរយៈភាពយន្តដែលមានគុណភាព។
ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB) មានប្រសាសន៍ថា៖ ភាពយន្តជាឧបករណ៍ដ៏មានឥទ្ធិពល ដែលអាចភ្ជាប់អារម្មណ៍ មនុស្សទៅកន្លែងណាមួយ។ តាមរយៈភាពជាដៃគូនេះ ពួកយើងកំពុងវិនិយោគលើយុវជនកម្ពុជា ដែលពោរពេញទៅដោយទេពកោសល្យ ហើយផ្តល់ឱកាសឱ្យពួកគេនិពន្ធ និងផលិតភាពយន្ត ដែលអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាត ក៏ដូចជាខ្លឹមសារសំខាន់របស់ប្រទេសយើង។ ឆ្នាំនេះ ការអភិវឌ្ឍសាច់រឿង និងសរសេរស្ត្រីប គឺផ្តោតទៅលើការទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ទៅកាន់តំបន់ទេសចរណ៍នៅប្រទេសកម្ពុជា។ ដូច្នេះ ភាពយន្តទាំងនេះមិន ត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទឹកចិត្តទស្សនិកជនជុំវិញពិភពលោកឱ្យមកទស្សនា និងទទួលយកបទពិសោធន៍នៅកម្ពុជាដោយខ្លួនឯងផ្ទាល់ផងដែរ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ (DCCD) នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា (CFL) គឺលើសពីកម្មវិធីបណ្តុះបណ្តាល វាគឺជាកន្លែងបណ្តុះគំនិតច្នៃប្រឌិត ធនធានអ្នកផលិតភាពយន្ត ក៏ដូចជាលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក និងចូលរួមបង្ហាញពីសំឡេងរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ភាពជាដៃគូរវាង CTB និង DCCD នឹងជួយធានាគុណភាពភាពយន្តរបស់សិក្ខាកាម ហើយត្រូវបានផ្សព្វផ្សាយទៅដល់ទស្សនិកជន កាន់តែទូលំទូលាយ ក៏ដូចជាពង្រឹងភាពប្រទាក់ក្រឡារវាងវប្បធម៌ ទេសចរណ៍ និងគំនិតច្នៃប្រឌិត។ CFL ជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ផលិតភាពយន្តកម្ពុជា។ ក្នុងវគ្គបណ្តុះបណ្តាលពីរឆ្នាំចុងក្រោយនេះ សិក្ខាកាមចំនួន ៨៧នាក់ ត្រូវបានបណ្តុះបណ្តាល។ ជាស្នាដៃ ភាពយន្តខ្លីចំនួនប្រាំ ត្រូវបានផលិត ហើយភាពយន្តទាំងអស់នោះ ត្រូវបានជ្រើសរើសសម្រាប់ដាក់បញ្ចូលក្នុងមហោស្រពភាពយន្តខ្នាតខ្លីជាតិកម្ពុជា និងមហោស្រពភាពយន្តអន្តរជាតិ។
គួរឱ្យកត់សម្គាល់ផងដែរថា ភាពយន្តមួយរបស់ CFL កាលពីឆ្នាំមុន មានចំណងជើងថា “ទៅ អត់” បានឈ្នះជ័យលាភីលេខ១ ក្នុងមហោស្រពភាពយន្តខ្នាតខ្លីជាតិកម្ពុជា។ បន្ថែមពីនេះទៀត អតីតសិក្ខាកាម CFL បួនរូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំភាពយន្ត (FLY) ដែលជាកម្មវិធីបណ្តុះបណ្តាល ភាពយន្តអន្តរជាតិដែលរៀបចំដោយគណៈកម្មការភាពយន្តប៊ូសាន៕
អត្ថបទ រដ្ឋា

















-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦