ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ក្រោមប្រធានបទ៖«លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេលបច្ចុប្បន្ន» នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
ក្នុងសន្និសីទប្រចាំឆ្នាំលើកទី១ មានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ Yutaka Osuga, President of International Federation of Fertility Societies (IFFS) នៃប្រទេសជប៉ុន, ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ុង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា, ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី បានថ្លែងថា ថ្ងៃនេះ ក្នុងនាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ពិតជាមហាកិត្តិយស និងបីតិសោមនស្សរីករាយជាអនេក ដែលបានមកចូលរួមក្នុងសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ក្រោមប្រធានបទ «លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេលបច្ចុប្បន្ន» “Improving Couples’ Reproductive Health Nowadays”។ ជាមួយនឹងអំណរសាទរនេះ យើងមិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងបង្កើនសមត្ថភាពរបស់យើងទេ ដូចប្រធានបទរបស់សន្និសីទថ្ងៃនេះគឺ «លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេលបច្ចុប្បន្ន» យើងត្រូវតែធ្វើឱ្យបានល្អនូវសេវាសុខភាពបន្តពូជនៅកម្ពុជាយើង ដើម្បីកាត់បន្ថយការស្វែងរកសេវាក្រៅប្រទេសកម្ពុជា ដោយត្រូវពឹងផ្អែកទាំងស្រុងលើសមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យផ្នែកសម្ភព និងរោគទាំងអស់គ្នានេះ ពីព្រោះករណីលំបាកមានកូន (Infertility) នឹងលែងជាឧបសគ្គតទៀតទេ លុះត្រាតែយើងត្រូវការដោះស្រាយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដូចប្រធានបទយើងថ្ងៃនេះ។ ការខិតខំប្រមូលសមាជិកសមាគមឱ្យបានច្រើន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក ជាកត្តាសំខាន់ និងជួយចូលរួមដោះស្រាយបញ្ហាសុខភាពបន្តពូជ (infertility and reproductive problems) នាពេលអនាគត។
ឯកឧត្តម រដ្ឋលេខាធិការ បន្តថា សន្និសីទនេះគឺពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់នូវគុណភាព ចំណេះដឹងជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជា សំដៅធ្វើឲ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលសមាគមកំពុងតែធ្វើនេះ គឺស្រប និងអនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះប្រមុខរាជរដ្ឋាភិបាល បានផ្តល់អាទិភាពជាយុទ្ធសាស្ត្រ៥ គឺមនុស្ស ទឹក ភ្លើង ផ្លូវ និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលសមាគមបាន និងកំពុងតែធ្វើពេលនេះ។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅក្រសួងសុខាភិបាល ក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូន នាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ប៉ិច សុធីសូមចូលរួមចំណែកជាមួយសមាគមគ្រពេទ្យបង្កកំណើតកម្ពុជា ក៏ដូចជាការចូលរួមក្នុងនាមស្ថាប័នសុខាភិបាល ហើយនឹងការលើកទឹកចិត្តក្នុងវិជ្ជាជីវៈឯកទេសនេះ អនុវត្តការងារប្រកបដោយក្រមសីលធម៌ បច្ចេកទេសទាន់សម័យ និងទទួលខុសត្រូវខ្ពស់ចំពោះស្រ្តី និងជាពិសេសក៏ដូចជាទារក ដែលនឹងចាប់កំណើតឡើងត្រូវមានកាយសម្បទាមាំមួនល្អ ដែលពួកគាត់គឺជាទំពាំងស្នងឬស្សីរបស់ប្រទេសយើង។ ជាការពិតណាស់ យើងបានឃើញនូវវឌ្ឍនភាពដែលបានលើកឡើងក្នុងរបាយការណ៍ ការចាប់អារម្មណ៍ ក៏ដូចជានៅក្នុងអត្ថបទផ្សេងៗ របាយការណ៍ដែលដាក់ជូននៅទីនេះ គឺថាយើងមានវឌ្ឍនភាពយ៉ាងច្រើនដើម្បីកាត់បន្ថយការស្វែងរកសេវានៅប្រទេសជិតខាងយើង និងប្រទេសជឿនលឿនមួយចំនួន។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះគឺជាសន្និសីទលើកទី១ ក្នុងការបង្កកំណើត។ ដូច្នេះយើងគ្រប់គ្នា មានកាតព្វកិច្ចសំខាន់ណាស់ ដោយធ្វើយ៉ាងណាឲ្យប្រទេសយើងទទួលបាននូវមនុស្សគ្រប់គ្នា ដែលមានសុខភាព និងសុខុមាលភាពល្អ។ ដូច្នេះនៅពេលដែលយើងបង្កបានជាសមត្ថភាពជំនាញ ចំណេះដឹង និងចំណេះធ្វើបម្រើការងារឲ្យរាជរដ្ឋាភិបាលកម្ពុជា ឲ្យច្បាស់តាមគោលដៅដែលប្រាថ្នា មិនមែនជាការចៃដន្យ និងនាំគ្នារត់ឲ្យបាន២៣ដង ដើម្បីសម្រេចគោលដៅការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥៕
អត្ថបទ រដ្ឋា




















-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 day agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦