ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាកំពុងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិឱ្យមានលក្ខណៈទូលំទូលាយ និងចាប់យកទីផ្សារទេសចរណ៍មូស្លីម
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងបញ្ជ្រាបការយល់ដឹង ដល់ប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អំពីការត្រៀមខ្លួន និងរៀបចំគោលដៅមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម សំដៅជំរុញកំណើនទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧)។
ក្នុងពិធីបើកដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, តំណាងមន្ទីរទេសចរណ៍រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍, វិស័យឯកជន, តំណាងពីគណៈអ៊ីមាំ រាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រី សិក្ខាកាមទាំងអស់សរុបចំនួន ២៣៨នាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា បើយោងតាមរបាយការណ៍របស់ Global Muslim Travel Index បានបង្ហាញថាចំនួនទេសចរមូស្លីម បានធ្វើដំណើរទូទាំងសកលលោកមានប្រមាណ ១៧៦លាននាក់ នៅឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលកូវីដ-១៩ ព្រមទាំងរំពឹងថានឹងបន្តកើនឡើងប្រមាណ ១៨៦លាននាក់ នៅឆ្នាំ២០២៥។
កត្តាទាំងនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បន្ទាប់ពីការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧) ដែលជាត្រីវិស័យដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍ ស្តង់ដាមូស្លីមហ្រ្វែនលី គឺជាយន្តតូបករណ៍មួយដ៏សំខាន់ដែលបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនទេសចរមូស្លីម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចនូវអនុសាសន៍គន្លឹះមួយចំនួនចំពោះក្រុមការងារទេសចរណ៍មូស្លីម ដោយឱ្យពន្លឿនការរៀបចំសៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការងារបដិសណ្ឋារកិច្ចទេសចរមូស្លីម ពិសេសបន្តនិងពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ ជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទទួលបានការយល់ដឹងបន្ថែមទៀត អំពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីមនិងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សូមបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យមានគុណភាពកាន់តែល្អប្រសើរឡើងជាលំដាប់ ជាមួយការរក្សាបាននូវថ្លៃសមរម្យ និងពិនិត្យលទ្ធភាពបញ្ចូលសម្បទាគ្រប់គ្រាន់ក្នុងការទទួលទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមនៃការផ្តល់សេវាកម្មរបស់ខ្លួន។






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ