ព័ត៌មាន
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀមបទឈប់បាញ់ឲ្យបានខ្ជាប់ខ្ជួន ហើយមួយវិញទៀតត្រូវតែធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ខណៈរហូតដល់ពេលនេះគឺមានរយៈពេល២០ថ្ងៃហើយ ដែលថៃចាប់ពួកគាត់ដោយខុសច្បាប់នោះ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានផ្តាំទៅភាគីថៃគប្បីគោរពឲ្យបានម៉ឺងម៉ាត់ បំផុតនូវបទឈប់បាញ់ ដែលបានព្រៀមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ខណៈ ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) វានឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនកម្ពុជា និងថៃចង់បានប៉ុណ្ណោះទេសូម្បីតែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ។
យ៉ាងណាក៏ដោយតាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃលើកទី៣នេះ លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទួចដល់ភាគីថៃ ត្រូវធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗខាងមុខនេះដោយគ្មានលក្ខខណ្ឌ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរងចាំទាំងយប់ទាំងថ្ងៃ អស់រយៈពេល២០ហើយក្រោយភាគីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។
ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការពារជាតិ ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។ ជាមួយគ្នានេះកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាងតែបាននាពេលឆាប់ៗនេះ៕
អត្ថបទ ៖ បាន ចក់

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព